នៅថ្ងៃទី ២៥ ខែតុលា សារព័ត៌មាន News1 បានរាយការណ៍ថា G-Dragon ត្រូវបានភ្នាក់ងារប៉ូលិសក្រុង Incheon ឃាត់ខ្លួនដោយចោទប្រកាន់ពីបទបំពានច្បាប់ស្តីពីការគ្រប់គ្រងគ្រឿងញៀន។
ប៉ូលីសបានអត្ថាធិប្បាយថា «ដោយសារតែវាជាករណីដែលកំពុងស្ថិតក្រោមការស៊ើបអង្កេតយើងមិនអាចបង្ហាញព័ត៌មានលម្អិតជាក់ស្តែងបានទេ» ។ ប៉ូលិសក៏បានបំភ្លឺផងដែរថា ករណីនេះមិនពាក់ព័ន្ធនឹងតារាសម្តែង Lee Sun Gyun ដែលបច្ចុប្បន្នកំពុងត្រូវបានស៊ើបអង្កេតពីបទប្រើប្រាស់គ្រឿងញៀនដូចគ្នា ប៉ុន្តែនេះគឺជាករណីដាច់ដោយឡែកដែលមិនមានទំនាក់ទំនងជាមួយគ្នាឡើយ។
នៅល្ងាចថ្ងៃទី២៥ តុលា ផលិតកម្ម YG Entertainment បានប្រាប់សារព័ត៌មាន Xportsnews ថា បច្ចុប្បន្ន G-Dragonមិនមែនជាតារានៅក្រោមផលិតរបស់ក្រុមហ៊ុនទេ ដូច្នេះវាពិបាកសម្រាប់ពួកយើងក្នុងការឆ្លើយតបជាផ្លូវការ។ ផលិតកម្ម YG Entertainment ធ្លាប់បានបង្ហើបកាលពីខែមិថុនាថា កិច្ចសន្យាផ្តាច់មុខរបស់ពួកគេជាមួយ G-Dragon បានផុតកំណត់ហើយ។
ទន្ទឹមនឹងដំណឹងនៃការឃាត់ខ្លួនរបស់តារា K-Pop ដ៏ល្បីពាក់ព័ន្ធនឹងគ្រឿងញៀននេះបានធ្វើឱ្យអ្នកគាំទ្រមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈវីដេអូរបស់ G-Dragon នៅឯព្រលានយន្តហោះកាលពីដើមខែឧសភា បានផ្ទុះកក្រើកម្តងទៀត។ អ្នកលេងបណ្តាញអ៊ឺនធឺណិតនៅ កូរ៉េជជែកវែកញែកយ៉ាងច្រើនទៅលើឥរិយាបថ G-Dragon សម្រាប់កាលវិភាគរបស់គេទៅសហរដ្ឋអាម៉េរិក ដែលមានសភាពមិនធម្មតា នៅពេលចុះពីឡានភ្លាម G-Dragon ក៏ញ័រខ្លួន ហើយខំប្រឹងទប់ខ្លួនដើម្បីឈរ។ សូម្បីតែក្នុងរយៈពេលដ៏ខ្លីដែលកំពុងរង់ចាំនៅផ្លូវថ្មើរជើងក៏ដោយ G-Dragon បានធ្វើចលនារាងកាយរបស់គេ ដោយឥតឈប់ឈរ ហើយបន្តលើកដៃរបស់ដោះមួកក្រវីក្បាល និងធ្វើចលនាចម្លែកផ្សេងទៀត ហើយវីដេអូនោះបានចែកចាយយ៉ាងច្រើនពេញបណ្តាញសង្គម៕










