ហុងកុង៖ កាលពីថ្ងៃអង្គារទី២៤ខែតុលានេះ សារព័ត៌មានរបស់រដ្ឋចិនបានរាយការណ៍ថា សភាជាតិរបស់ប្រទេសចិនបានបានអនុម័តច្បាប់ទាក់ទងទៅនឹងការពង្រឹងប្រព័ន្ធអប់រំទៅកាន់សាធារណៈជន ជាពិសេសគឺកុមារឲ្យមានឧត្តមគតិស្នេហាជាតិ ដើម្បីបញ្ជៀសនូវបញ្ហាមួយចំនួន ពិសេសកុំឲ្យកើតឡើងនូវប្រវត្តិសាស្រ្តច្រំដែលនៃ«លទ្ធិបដិវត្ត»របស់ចិននាសម័យមុន និងរក្សាបាននូវឯកភាពជាតិ។
យោងតាមភ្នាក់ងារសារព័ត៌មាន Xinhua បានឲ្យដឹងថា ច្បាប់អប់រំឧត្តមភាពស្នេហាជាតិនេះត្រូវបានផ្តល់ការធានាបាននូវនិតិវិធីជាតិនិយម ព្រោះថាមនុស្សមួយចំនួនបានភ្លេចនូវស្មារតីស្នេហាជាតិជាបណ្តើរៗហើយ។ ភ្នាក់ងារស៊ីហ័រក៏បានបន្តទៀតថា ច្បាប់នេះត្រូវបានតាក់តែងឡើងក្នុងគោលបំណងអប់រំឆ្ពោះទៅរកឧត្តមភាពស្នេហាជាតិ ដោយគោរពទៅនឹង ប្រវត្តិសាស្រ្តនិងវប្បធម៌ជាប្រពៃណីរបស់ប្រទេសដទៃនិងបំផុសគំនិតក្នុងការទទួលបាននូវសមិទ្ធផលដ៏អស្ចារ្យពីអរិយធម៌ផ្សេងៗផងដែរ។
យោងទៅតាម China Daily បានបញ្ជាក់ដែរថា ច្បាប់នេះបានអនុវត្តវិធានការទៅលើក្រុមមនុស្សផ្សេងៗរួមមានទាំងមន្ត្រីរាជការ កម្មករ អ្នកភូមិ កុមារ ជាពិសេសគឺរដ្ឋបាលនៅទីក្រុងហុងកុង និង ម៉ាកាវ ក៏ដូចជាតៃវ៉ាន់ជាដើម។
សូមរំលឹកផលដែរថា៖ ច្បាប់ឧត្តមគតិស្នេហាជាតិនេះគឺ ផ្តោតលើការបណ្តុះស្មារតីស្រលាញ់ជាតិទៅកាន់ប្រជាពលរដ្ឋ ជាពិសេសគឺកុមារនិង ក្រុមគ្រួសារ(ព្រោះគ្រួសារនឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអប់រំកូនចៅគេឲ្យស្រលាញ់មាតុភូមិ) ច្បាប់នេះក៏ជាការបើកចិត្តទូលាយទៅកាន់ពិភពលោក ប្រកាន់ភ្ជាប់នូវហេតុផលច្បាស់លាស់ អត់ធ្មត់ និងបើកចំហរ គោរពទៅនឹងអត្តសញ្ញាណក៏ដូចជាវប្បធម៌អរិយធម៌របស់ជាតិដទៃជាដើម។ ច្បាប់នេះនឹងដាក់ឲ្យអនុវត្តជាផ្លូវការចាប់ពីនៅថ្ងៃទី១ខែមករាឆ្នាំ២០២៤នេះតទៅ ដែលទណ្ឌកម្មសម្រាប់ដាក់ទោសក្នុងច្បាប់នេះមានដូចជា ការប្រមាថទង់ជាតិរបស់ប្រទេស ការសួរដេញដោលរករឿងវីរជននៃបក្សកម្មុនីសនិងសកម្មភាពផ្សេងៗទៀតផងដែរ៕
CAN News










