នារសៀលថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីណែនាំ ស្តីពី ការពង្រឹងវិន័យនិងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច ក្នុងបរិវណគ្រឹះស្ថានសិក្សាសាធារណៈ។

ក្រសួងបានបញ្ជាក់ថា ក្នុងបរិបទនៃការអប់រំឌីជីថល ឧបករណ៍អេឡិចត្រូនិច ប្រព័ន្ធអ៊ីនធើណេត និងមាតិកាឌីជីថលមាន សារៈសំខាន់ណាស់សម្រាប់បម្រើដល់ការបង្រៀន ការរៀន និងការស្រាវជ្រាវ។

ក្នុងគោលដៅពង្រឹងវិន័យ និងបង្កើនប្រសិទ្ធភាពនៃការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិចក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈ ក្រសួងអប់រំ យុវជន និងកីឡា បានធ្វើការណែនាំដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រងគ្រឹះស្ថាន សិក្សាសាធារណៈ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ ដូចខាងក្រោម៖

១. សកម្មភាពក្នុងថ្នាក់រៀន

• ហាមឃាត់ការប្រើប្រាស់ទូរសព្ទដៃឬឧបករណ៍អេឡិចត្រូនិកក្នុងថ្នាក់រៀនឬម៉ោងសិក្សា ដែលមិន បម្រើឱ្យសកម្មភាពសិក្សា ដោយគ្មានការអនុញ្ញាតពីគ្រូកំពុងបង្រៀន ជាពិសេសការលេងហ្គេម និង បណ្ដាញទំនាក់ទំនងសង្គមដែលមិនពាក់ព័ន្ធនឹងសកម្មភាពសិក្សា
• គ្រូកំពុងបង្រៀនក្នុងថ្នាក់និងប្រធានថ្នាក់ត្រូវណែនាំសិស្សក្នុងថ្នាក់ ឧបករណ៍អេឡិចត្រូនិកនាំឱ្យខាតឬរំខានដល់ការសិក្សា

២. សកម្មភាពក្នុងបរិវេណសាលារៀន

• គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ត្រូវណែនាំជាប្រចាំអំពីវិន័យនិងបទបញ្ជាផ្ទៃក្នុងរបស់សាលារៀន ដល់សិស្សានុសិស្ស ពាក់ព័ន្ធនឹងការប្រើប្រាស់ទូរសព្ទដៃនិងឧបករណ៍អេឡិចត្រូនិកឱ្យស្របនឹង គោលបំណងនៃការអប់រំ
• ក្រុមប្រឹក្សាកុមារនិងក្រុមប្រឹក្សាយុវជនត្រូវចូលរួមណែនាំសមាជិក ឱ្យផ្តោតលើការសិក្សារៀនសូត ជាជាងការចំណាយពេលលើការលេងហ្គេមនិងការប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គម ដែលមិន ពាក់ព័ន្ធនឹងសកម្មភាពសិក្សា
• ជំរុញនិងលើកទឹកចិត្តឱ្យសិស្សមានទម្លាប់ធ្វើស្វ័យសិក្សា អាន និងស្រាវជ្រាវក្នុងបណ្ណាល័យ
• បង្កើតនិងអនុវត្តការអប់រំក្រៅម៉ោងសិក្សា ដូចជាក្លិបសិក្សាតាមកម្រិតថ្នាក់ និងតាមមុខវិជ្ជា

៣. ការចូលរួមរបស់អ្នកពាក់ព័ន្ធ

• មាតាបិតានិងអ្នកអាណាព្យាបាលត្រូវចូលរួម តាមដាន និងជំរុញការប្រើប្រាស់ទូរសព្ទដៃនិង ឧបករណ៍អេឡិចត្រូនិករបស់កូនចៅ ឱ្យស្របតាមគោលបំណងនៃការអប់រំ
• មន្ទីរអប់រំ យុវជន និងកីឡា រាជធានី ខេត្ត ការិយាល័យអប់រំ យុវជន និងកីឡានៃរដ្ឋបាលក្រុងស្រុក ខណ្ឌ និងអាជ្ញាធរពាក់ព័ន្ធ ត្រូវផ្ដល់កិច្ចសហការ និងគាំទ្រដល់សាលារៀន ក្នុងការពង្រឹងវិន័យ និង ការអនុវត្តបទបញ្ជាផ្ទៃក្នុងឱ្យបានម៉ឺងម៉ាត់៕

https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjZ4eKKiP1oT4S_r8jzt7r2unQtsXiHNHOooy_nd53pm9la0YQVHTaXzfy5_TI7jCai1UVvkK5ClmaApSVX5woTSGWyKQvUjBSRGgGvjhoKmIh8SInnvwV91yVOT_SUAzISTq3zwXHHkzT4wuXEMxhXymISkzPQ4XHNuePf84-JysYQR45PL1kfTbHwljI/s1280/photo_2023-10-24_21-50-39.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEivuuxp1RKlbEY2m25jOzT_-B-s2xvft3pyNsXGNtsW5oL0x_TEsYpbRUplyhJoKSCuIFUbsM4ZFJwLLZhRsdKS9h5BnB1ai18W9Ow7SkbsaW9dZ45GrJtenTyJlpSg0vCE2i3d1Q1FLH6-fAgPXb9Xn6IegSkdGnY_qEGyjyavqbZ8flHUe8iwBE3SmSg/s1280/photo_2023-10-24_21-50-39%20(2).jpg