Starbucks គឺជាហាងកាហ្វេដ៏ពេញនិយមបំផុតមួយរបស់ពិភពលោក នឹងជាទីពេញចិត្តរបស់មនុស្សជាច្រើននាក់ផងដែរ។ បច្ចុប្បន្នហាងកាហ្វេ Starbucks មានសាខាសរុបចំនួន ២១,៥០០ កន្លែងក្នុងប្រទេសចំនួន ៦៤ ជុំវិញពិភពលោក។ ដូច្នេះហើយ តើ Starbucks Coffee មានប្រវត្តិយ៉ាងដូចម្តេច ហើយបើកដំណើរការដំបូងនៅពេលណា?
Starbucks ត្រូវបានបង្កើតឡើងដំបូងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៧១ ដោយមានម្ចាស់ភាគហ៊ុន ៣ នាក់គឺលោក Jerry Baldwin ជាគ្រូបង្រៀនភាសាអង់គ្លេស, លោក Zev Siegl ជាគ្រូបង្រៀនប្រវត្តិសាស្ត្រ និងលោក Gordon Bowker គឺជាអ្នកនិពន្ធ។ កន្លងមក មុនពេលប្រើឈ្មោះថា “Starbucks” ពួកគេទាំង ៣នាក់បានជ្រើសរើសឈ្មោះជាច្រើន ប៉ុន្តែត្រូវបានច្រានចោលទាំងអស់ រហូតដល់ចុងក្រោយលោក Bowker ក៏សម្រេចចិត្តជ្រើសរើសយកឈ្មោះថា «Starbucks» តែម្ដង។
Starbucks មានន័យថា “ប្រពៃណីនៃការដើរលេងសមុទ្ររបស់ពាណិជ្ជករកាហ្វេសម័យដើម” ដែលមាន Logo ជានារីមច្ឆាកន្ទុយពីរ។ នៅឆ្នាំ ១៩៨០ ហាងកាហ្វេនេះមិនទាន់មានឈ្មោះល្បីល្បាញនោះទេ រហូតដល់ឆ្នាំ ១៩៩២ ទើប Starbucks បានចាប់ផ្ដើមលក់ភាគហ៊ុន IPO រហូតពង្រីកបាន ១៤០កន្លែង និងរកប្រាក់ចំណូលបាន ៧៣,៥លានដុល្លារអាមេរិក។ ខណៈពេលនោះផងដែរ ស្លាកសញ្ញា Starbucks ក៏ចាប់ផ្ដើមមានតម្លៃរហូតដល់គណៈកម្មាការវាយតម្លៃថាជាស្លាកសញ្ញាពិភពលោក បានឱ្យតម្លៃកាហ្វេ Starbucks រហូតដល់ ២៧១ លានដុល្លារអាមេរិក។
នៅឆ្នាំ ២០១៣ ហាងកាហ្វេ Starbucks ក៏បានវាយលុកទីផ្សារពិភពលោកយ៉ាងខ្លាំង ដោយបានបន្ថែមសេវាកម្មថ្មី គឺឱ្យអតិថិជនរបស់ខ្លួនធ្វើការបញ្ជាទិញកាហ្វេតាមរយៈទូរស័ព្ទដៃជាមួយនឹងកម្មវិធី Starbucks app ហើយក៏ចាប់ផ្ដើមផ្សព្វផ្សាយនៅលើបណ្ដាញសង្គមនានាផងដែរ។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ន Starbucks មានលោក Howard Schultz គឺជាអ្នកគ្រប់គ្រងនិងជានាយកប្រតិបត្តិ ដោយកាលពីឆ្នាំ ២០១៣ ទទួលបានប្រាក់ចំណូល ១៤,៨៩ ពាន់លានដុល្លារអាមេរិក និងចំណេញសុទ្ធចំនួន ៩ លានដុល្លារអាមេរិក៕










