អាមេរិក៖ យោងតាមគេហទំព័រ Audit Central ដែលបានចុះផ្សាយកាលពីថ្ងៃទី ១៨ ខែតុលាថា ជនជាតិអាមេរិកវ័យក្មេងម្នាក់ស្លៀកពាក់ជាព្រះយេស៊ូ កាន់ឈើឆ្កាងដោយថ្មើរជើងពីទីក្រុងវ៉ារស្សាវ៉ា រដ្ឋធានីនៃប្រទេសប៉ូឡូញ ទៅកាន់ទីក្រុងគៀវ រដ្ឋធានីនៃប្រទេសអ៊ុយក្រែនក្នុងចម្ងាយ ៨១៦ គីឡូម៉ែត្រ។
ព័ត៌មាននេះកំពុងផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់អ៊ុយក្រែនដោយបុរសម្នាក់ឈ្មោះ Jimmy អាយុ ៣៣ ឆ្នាំជាជនជាតិអាមេរិកមកពីរដ្ឋ Virginia មានបំណងដើរពីទីក្រុង Warsaw រដ្ឋធានីនៃប្រទេសប៉ូឡូញ ទៅ Kiev រដ្ឋធានីអ៊ុយក្រែន ក្នុងចម្ងាយដ៏ឆ្ងាយដោយគាត់ថែមទាំងស្លៀកពាក់ដូចព្រះយេស៊ូហើយកាន់ឈើឆ្កាងទៀតផង។
លោក Jimmy បាននិយាយក្នុងបទសម្ភាសមួយថា គាត់មិនមានគោលដៅអ្វីទេ គឺគាត់ចង់ដើរផ្សងព្រេង ដោយផ្ញើជីវិតរបស់គាត់នៅក្នុងដៃព្រះ ហើយគាត់បានប្រាប់ថានេះជាវិធីដ៏ល្អបំផុតដើម្បីលើកតម្កើងព្រះ។ លោក Jimmy ក៏បានបន្តទៀតថា គាត់មិនចង់បញ្ជាក់អ្វីច្រើននោះទេ គាត់គ្រាន់តែចង់ក្លាយជាមនុស្សល្អ និងជាមនុស្សម្នាក់ដែលគោរពដល់ព្រះខ្លាំងបំផុត។
គួរបញ្ជាក់ដែរថា ជារឿយៗគេឃើញលោក Jimmy ដើរកាន់ឈើឆ្កាងតាមផ្លូវទាំងថ្ងៃទាំងយប់ នេះបើតាមការស៊ើបអង្កេតពីសារព័ត៌មាន Audit Central បានបន្ថែមថាបើគិតពីចម្ងាយ Warsaw ទៅទីក្រុង Kiev គឺ ៨១៦ គីឡូម៉ែត្រ ដែលនេះជាចម្ងាយឆ្ងាយខ្លាំងណាស់ប្រសិនបើយើងថ្មើរជើង៕










