បរទេស៖ បេក្ខនារី Miss Grand Philippines ២០២៣ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំង ខណៈពេលកំពុងវិស្សមកាល ដោយប៉ូលីសមិនទាន់រកឃើញតម្រុយសំខាន់ៗណាមួយនៅឡើយទេ។
កញ្ញាឯក Catherine Camilon វ័យ ២៦ ឆ្នាំ ដែលជា Miss Grand Philippines ប្រចាំឆ្នាំ ២០២៣ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងអស់រយៈ ៦ថ្ងៃហើយ ដោយគ្រួសាររបស់នាងបានបង្ហើបថា កូនស្រីខ្លួនគ្មានសត្រូវអ្វីនោះទេ។ ហេតុការណ៍នេះកើតឡើងតាំងពីថ្ងៃទី ១២ ខែតុលា រហូតមកដល់ថ្ងៃទី ១៩ តុលាក៏ប៉ូលីសមិនទាន់រកឃើញតម្រុយណាមួយសំខាន់ៗនៅឡើយទេ។ រឿងនេះបានក្លាយជាដំណឹងដ៏ធំមួយ ដែលធ្វើឱ្យបណ្តាអ្នកគាំទ្ររាជនីសម្រស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីដឹងថារាជនីប្រចាំប្រទេសរបស់ខ្លួនបានបាត់ខ្លួនរយៈ ៦ថ្ងៃ ដោយមិនដឹងពីតម្រុយ។
យោងតាមរបាយការណ៍បានឱ្យដឹងថា ការបាត់ខ្លួននេះនៅពេលដែលកញ្ញាឯក Catherine Camilon បានធ្វើដំណើរទៅស្រុកកំណើតរបស់ខ្លួនវិញនៅ Batangas ដើម្បីពិភាក្សាជាមួយក្រុមហ៊ុនដូចដែលនាងបានគ្រោងទុក។ បច្ចុប្បន្នអាជ្ញាធរបានធ្វើការតាមដានរថយន្ត Nissan Juke ដែល Camillon កំពុងប្រើមុនពេលបាត់ខ្លួន។ ពេលចុះពិនិត្យក៏រកឃើញថារថយន្តនោះមិនមានស្លាកលេខទេ ហើយក៏គ្មានប្រព័ន្ធ GPS ដែរ ចំណែកឯកាមេរ៉ាសុវត្ថិភាពនៅតំបន់នោះក៏មិនអាចប្រើប្រាស់បានទៀត។
ទោះជាយ៉ាងណាក៏ដោយ ម្ដាយរបស់កញ្ញាឯកភីលីពីន Camillon បានរាយការណ៍នៅម៉ោង ៨ និង ៣០ នាទីយប់កាលថ្ងៃទី១២ ខែតុលាថា គាត់បានទាក់ទងទៅកូនស្រីរបស់គាត់ជាលើកចុងក្រោយមុនពេលដែលកូនគាត់បានបាត់ខ្លួន ដោយគាត់ក៏បាននិយាយទៀតថាជាធម្មតា Camillon ទៅណាមកណាតែងតែតេប្រាប់គាត់ ហើយកូនស្រីរបស់គាត់ក៏គ្មានសត្រូវ ឬគូស្នេហ៍អ្វីដែរ។
គួរបញ្ជាក់ដែរថា Catherine Camilon គឺជា Miss Grand Philippines ប្រចាំឆ្នាំ២០២៣ ដែលបានជាប់នៅក្នុងកម្មវិធីកាលពីខែកក្កដាកន្លងទៅ ហើយនាងក៏ជាគ្រូបង្រៀនសាលារដ្ឋមួយកន្លែងផងដែរ នៅតំបន់ Batangas នៃប្រទេសភីលីពីន៕










