ដូចប្រិយមិត្តតាមដានវិស័យសិល្បៈជ្រាបមកហើយថាសង្សាររបស់កំពូលតារាចម្រៀងរ៉េប វណ្ណដា កញ្ញា ឡូរីន មិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតនិងពូកែតុបតែងខ្លួនទាក់ភ្នែកប៉ុណ្ណោះទេ តែស្នាដៃធ្វើម្ហូបវិញក៏មិនអន់ដែរ។ ការពិតកត្តាដែលបំផុសគំនិតឱ្យស្រីស្អាតរូបនេះចេះធ្វើម្ហូបយ៉ាងចំណាប់បែបនេះគឺដោយសារម្តាយរបស់នាងផ្ទាល់តែម្តងបានបង្រៀននាងតាំងពីក្មេងៗមិនទម្រើសកូនស្រីឡើយគួបផ្សំ ឡូរីន ក៏ចូលចិត្តធ្វើម្ហូបដូចគ្នា។
ឆ្លើយតបជាមួយអ្នកគាំទ្រដែលបានជីកសួរអ្នកណាជាអ្នកបំផុសគំនិតឱ្យធ្វើម្ហូប ស្រីស្អាត ឡូរីន បានឆ្លើយថាគឺម្តាយរបស់ខ្លួនផ្ទាល់តែម្តង។ ឡូរីន បានបន្ថែមថា កាលពីនៅតូចៗម្តាយរបស់នាងចូលចិត្តនាំទៅផ្សារហើយពេលត្រលប់មកវិញនាងអង្គុយមើលម្តាយធ្វើម្ហូប ហើយខ្លួនក៏ជួយបេះបន្លែខណៈម្តាយក៏បណ្តោយឱ្យធ្វើទោះបីជាខុសខ្លះត្រូវខ្លះក៏ដោយ។
ឡូរីន បញ្ជាក់បន្ថែមថា ម្តាយរបស់ខ្លួនមិនបង្ខំឱ្យធ្វើនេះធ្វើនោះទេ ប៉ុន្តែដោយសារខ្លួននាងផ្ទាល់តែម្តងមានចំណង់ចំណូលចិត្តលើរឿងធ្វើម្ហូបនេះតាំងពីលេងធ្វើម្ហូបបាយឡុកបាយឡ រហូតរៀនធ្វើម្ហូបរបស់ពិតតែម្តង។
មិនត្រឹមតែជំរុញឱ្យកូនស្រីចេះធ្វើម្ហូបតែប៉ុណ្ណោះទេ បើតាម ឡូរីន ធ្លាប់បង្ហោះរូបភាពលើStory វិញបានឱ្យដឹងថារយៈពេល២២ឆ្នាំហើយដែលនាងឃើញឪពុកម្តាយរបស់ខ្លួននៅតែមានភាពផ្អែមល្ហែមដាក់គ្នាមិនចាញ់កំលោះក្រមុំទេ។ ដូច្នេះហើយនេះក៏ជារឿងគម្រូមួយក្នុងជីវិតគូទើបអ្នកគាំទ្រសង្កេតឃើញថា ឡូរីន និងវណ្ណដា មិនបង្ហោះរូបភាពជាមួយគ្នាញឹកញាប់លើបណ្តាញសង្គមក្តីប៉ុន្តែនៅខាងក្រៅអ្នកទាំងពីរតែងតែទៅណាមកណាជាមួយគ្នាញឹកញាប់៕










