ប្រទេសថៃ ៖ កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងប៉េកាំង លោក Alain Lam មានតួនាទីជា Vice President នៃក្រុមហ៊ុន Xiaomi បានចូលជួបសម្តែងការគួរសមជាមួយលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ ។ លោក Alain Lam លើកឡើងថា Xiaomi គឺជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិកប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដែលបានបង្កើតឧស្សាហកម្មឌីជីថលចម្រុះ និងល្បីល្បាញក្នុងការផលិតទូរស័ព្ទដៃអាចដំណើរការលើកម្មវិធី ដើម្បីគ្រប់គ្រងប្រតិបត្តិការរបស់ឧបករណ៍អេឡិចត្រូនិកក្នុងប្រព័ន្ធ Android ។
ក្រុមហ៊ុន Xiaomi មានបណ្តាញ និងអាជីវកម្មនៅទូទាំងពិភពលោក ហើយក្រុមហ៊ុនបានចាប់ផ្តើមអាជីវកម្មនៅប្រទេសថៃនៅឆ្នាំ២០១៨ និងរីកចម្រើនជាបន្តបន្ទាប់ ។ ក្រុមហ៊ុនបានយកប្រទេសថៃធ្វើជាការិយាល័យកណ្តាលនៅក្នុងតំបន់ ហើយក្រុមហ៊ុនបានគាំទ្រថៃក្នុងផ្នែកផ្សេងៗដូចជា ក្នុងអំឡុងពេលផ្ទុះជំងឺកូវីដ-១៩ ឬផ្នែកអប់រំ ។ ក្រុមហ៊ុនបានបង្កើតក្រុមហ៊ុនឈ្មោះ Xiaomi Technology នៅប្រទេសថៃ ដើម្បីលក់ចែកចាយ និងផលិតទូរស័ព្ទដៃនៅថៃ រួមទាំងពង្រីកទីផ្សារនៅតំបន់អាស៊ីអាគ្នេយ៍ជាបន្តបន្ទាប់ ក្នុងនោះទីផ្សារឥណ្ឌូណេស៊ីមានទំហំធំបំផុត បន្ទាប់មក គឺថៃ ។
ចំណែកលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានថ្លែងអំណរគុណចំពោះការជឿជាក់របស់ក្រុមហ៊ុនមកលើប្រទេសថៃ ហើយលោកបញ្ជាក់ថា ថៃនឹងគាំទ្រការពង្រីកទីផ្សារ និងការវិនិយោគនៅថៃបន្ថែមទៀត ។ លោក សេដ្ឋា ថាវីស៊ីន ជឿថា ប្រទេសថៃមានគុណសម្បត្តិផ្នែកអាជីវកម្ម ដែលក្រុមហ៊ុននឹងទទួលបានផលប្រយោជន៍ច្រើនក្នុងការវិនិយោគ និងពង្រីកទីផ្សារក្នុងតំបន់ ។
លោកនាយករដ្ឋមន្ត្រីថៃក៏បានសរសើរចំពោះដំណើរការរបស់ក្រុមហ៊ុន និងស្នើឱ្យក្រុមហ៊ុនពង្រីកការវិនិយោគ និងពាណិជ្ជកម្មនៅប្រទេសថៃ ។ លើសពីនេះ លោកនាយករដ្ឋមន្ត្រីបានអរគុណចំពោះការផ្ទេរបច្ចេកវិទ្យា R&D សម្រាប់គម្រោង Land Bridge ដែលនឹងក្លាយជាឱកាសរបស់ក្រុមហ៊ុន ខណៈក្រុមហ៊ុនកំពុងស្វែងរកទីតាំងផលិត ឬរោងចក្រផលិត ដើម្បីគាំទ្រកំណើនអាជីវកម្មពាក់ព័ន្ធនឹងផ្នែកជាច្រើន រួមទាំងរថយន្តអគ្គិសនីផងដែរ ។
លោកនាយករដ្ឋមន្ត្រីថៃបានបញ្ជាក់ពីការផ្តល់ទំនុកចិត្តដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីក្នុងតំបន់ តាមរយៈកត្តាគាំទ្រ និងបរិស្ថានអំណោយផល ។ លោកនាយករដ្ឋមន្ត្រីលើកឡើងថា មានក្រុមហ៊ុនផលិតជាច្រើនមានបំណងសាងសង់រោងចក្រផលិតរថយន្តអគ្គិសនីនៅថៃ ដោយសារថៃមានប្រៀបផ្នែកភូមិសាស្ត្រ និងគម្រោង Land Bridge ដែលអាចតភ្ជាប់ការដឹកជញ្ជូនទៅកាន់តំបន់ផ្សេងៗយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធភាព ។
ក្រុមហ៊ុនបញ្ជាក់ថា នឹងពង្រីកការផលិតគ្រឿងបន្លាស់ឧបករណ៍អេឡិចត្រូនិកផ្សេងៗនៅប្រទេសថៃសម្រាប់ផលិតផលរបស់ក្រុមហ៊ុន ហើយចែកចាយទៅកាន់ទីផ្សារពិភពលោក ។ ដូច្នេះ វានឹងជួយបង្កើនជំនាញផ្នែកផលិតដល់ពលរដ្ឋថៃ រួមទាំងការបណ្តុះបណ្តាលដើម្បីកាត់បន្ថយបញ្ហាកង្វះខាតកម្លាំងពលកម្មមានជំនាញផងដែរ ៕
ប្រភព ៖ mgronline










