រដ្ឋធានីប៉េកាំង៖ ស្របពេលបណ្ដាប្រទេសបស្ចិមលោក និង សម្ពន្ធមិត្ត ក្រោមការដឹកនាំរបស់សហរដ្ឋអាមេរិក បានបង្កើតច្រករបៀងបៃតង តភ្ជាប់ពីតំបន់អាស៊ី ទៅកាន់ទ្វីបអឺរ៉ុប សម្រាប់ទប់ទល់នឹងផែនការរបស់ចិន នោះមក រដ្ឋាភិបាលក្រុងប៉េកាំង បានប្រកាសដាក់កញ្ចប់ថវិកាបន្ថែមថ្មី រហូតដល់ ១០០ពាន់លានដុល្លារ សម្រាប់មូលនិធិ«គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និង ផ្លូវ»។
សារព័ត៌មានរបស់សិង្ហបុរី Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ដោយដកស្រង់សម្ដីរបស់លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន បានបញ្ជាក់ កាលពីថ្ងៃពុធ (ទី១៨ ខែតុលា) ថា រដ្ឋាភិបាលចិន នឹងដាក់បញ្ចូលថវិកាបន្ថែម ចំនួន ១០០ពាន់លានដុល្លារអាមេរិក ទៅក្នុងមូលនិធិរបស់ចិន «គំនិតផ្ដួចផ្ដើមខ្សែក្រវាត់ និង ផ្លូវ»។
ខ្សែក្រវាត់ និងផ្លូវ ជាសសរស្តម្ភកណ្តាល ជាការជួយជ្រោមជ្រែងអំណាចរបស់លោកប្រធានាធិបតី ស៊ី ជិនពីង ពង្រីកឥទ្ធិពលរបស់ចិន នៅក្រៅប្រទេស ស្របពេលរដ្ឋាភិបាលក្រុងប៉េកាំង កំពុងតែអះអាង ថា ឥឡូវនេះ ចិនបានចុះហត្ថលេខាលើកិច្ចសន្យា ជាង២ពាន់ពាន់លានដុល្លារអាមេរិក (over $ 2 trillion dollars) នៅជុំវិញពិភពលោក។ ចិនជាគាំទ្រសាទរ ចំពោះការនាំយកធនធាន និង កំណើនសេដ្ឋកិច្ច មកកាន់លោកខាងត្បូង ប៉ុន្តែគំនិតផ្តួចផ្តើមនេះ ក៏បានរងនូវថ្កោលទោស មកពីប្រទេសក្រីក្រ ដែលកំពុងតែជាប់បំណុលដ៏ធំសម្បើមរបស់ខ្លួន។
លោកប្រធានាធិបតី ស៊ី ជិនពីង បានប្រកាស កាលពីថ្ងៃពុធ (ទី១៨ ខែតុលា) ថា ក្រុមហ៊ុនផ្តល់ប្រាក់កម្ចីដ៏សំខាន់ដល់«ខ្សែក្រវាត់ និងផ្លូវ» រួមមាន ធនាគារអភិវឌ្ឍន៍ចិន និង ធនាគារនាំចេញ-នាំចូល ហើយឥឡូវនេះ នឹងផ្តល់ប្រាក់កម្ចីបន្ថែម ចំនួន១០០ពាន់លានដុល្លារអាមេរិក។ ធនាគារទាំង២នេះ នឹងបង្កើតឱកាសផ្ដល់ហិរញ្ញវត្ថុ រហូតដល់ ៣៥០លានយន់ (លុយចិន) ឬស្មើនឹង ៤៧,៩ពាន់លានដុល្លារអាមេរិក (US$47.9 billion) សម្រាប់គម្រោងគំនិតផ្ដួចផ្ដើមខ្សែក្រវាត់និងផ្លូវ ( BRI)។ រីឯទឹកប្រាក់បន្ថែម ចំនួន ៨០ពាន់លានយន់ នឹងត្រូវចាក់បញ្ចូលទៅក្នុងស្ថាប័នផ្តល់ប្រាក់កម្ចីផ្លូវការរបស់គម្រោងនេះ ដែលជាមូលនិធិផ្លូវសូត្រ។
វេទិកាសប្តាហ៍នេះ មានការចូលរួម មកពីតំណាងប្រទេស ចំនួន១៣០ ហើយក្លាយជាកិច្ចប្រជុំកំពូលលើកទី៣ ត្រូវបានរៀបចំឡើង ដោយរដ្ឋាភិបាលក្រុងប៉េកាំង ចាប់តាំងពីការសម្ពោធ«ខ្សែក្រវាត់ និងផ្លូវ» កាលពីឆ្នាំ២០១៣ មក។
ក្រុមអ្នករិះគន់ បានចង្អុលបង្ហាញជាយូរមកហើយ ចំពោះការកំណត់តម្លៃដ៏អាប់អួរ សម្រាប់គម្រោង BRI ដែលបានសាងសង់ ដោយក្រុមហ៊ុនចិន ដោយមានប្រទេសជាច្រើន រួមទាំង ម៉ាឡេស៊ី និង មីយ៉ាន់ម៉ា។ ប្រទេសទាំងនេះ បានចរចាឡើងវិញ ចំពោះកិច្ចព្រមព្រៀងនេះ ដើម្បីកាត់បន្ថយនូវការចំណាយ។
រដ្ឋាភិបាលក្រុងប៉េកាំង បានអះអាង នៅខែតុលា នេះ ថា បណ្ដាប្រទេសជាច្រើន ដែលបានចូលរួម ជាមួយនឹងគម្រោង BRI បានជំពាក់បំណុលច្រើន ជាង៣០០ពាន់លានដុល្លារ ពីធនាគារនាំចេញ-នាំចូលរបស់ចិន។
ដោយឡែក លោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិក កាលពីខែកញ្ញា បានចេញនូវផែនការមួយ ជំរុញឱ្យរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ក្លាយជាដៃគូដ៏សំខាន់បំផុត សម្រាប់ជំនួសផែនការរបស់ចិន និង ការវិនិយោគ នៅក្នុងប្រទេសអភិវឌ្ឍន៍ ជាពិសេស នៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ ស្របគ្នានេះដែរ ក្រុមមន្ត្រីជាច្រើន បានអះអាង ថា កិច្ចព្រមព្រៀងលើហេដ្ឋារចនាសម្ព័ន្ធថ្មីនេះ នឹងអាចកាត់បន្ថយពេលវេលាដឹកជញ្ជូន ការចំណាយលើថ្លៃដើម ការប្រើប្រាស់ប្រេងឥន្ធនៈ និង ធ្វើឱ្យពាណិជ្ជកម្ម កាន់តែលឿន ហើយមានតម្លៃថោក។
ទីភ្នាក់ងារសារព័ត៌មាន អារ៉ាប់ SPA បានរាយការណ៍ កាលពីទី៩ ខែកញ្ញា ថា អារ៉ាប៊ីសាអូឌីត និង សហរដ្ឋអាមេរិក បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នាមួយ (MoU) ដើម្បីបង្កើតពិធីសារ ដោយមានគោលបំណង កសាងច្រករបៀងបៃតង។ ច្រករបៀងឆ្លងកាត់នេះ នឹងតភ្ជាប់ រវាងអាស៊ី និង អឺរ៉ុប ដោយឆ្លងកាត់ប្រទេសអារ៉ាប៊ីសាអូឌីត តាមផ្លូវរថភ្លើង ហើយមានគោលបំណង ជួយសម្រួលដល់ការផ្ទេរថាមពលអគ្គិសនីកកើតឡើងវិញ និង សម្អាតអ៊ីដ្រូសែន តាមរយៈខ្សែកាប្ល៍ និង បំពង់ ខណៈ MoU នេះ ត្រូវបានចុះហត្ថលេខា កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣។
គម្រោងនេះ ក៏មានគោលបំណង ជួយគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង នៅក្នុងការអភិវឌ្ឍថាមពលស្អាត ពង្រីកសេដ្ឋកិច្ចឌីជីថល តាមរយៈការផ្ទេរទិន្នន័យតាមខ្សែកាប្ល៍អុបទិក ពង្រឹងពាណិជ្ជកម្ម និង បង្កើននូវការឆ្លងកាត់ទំនិញ ដោយការភ្ជាប់តាមផ្លូវរថភ្លើង និង កំពង់ផែ។ ទន្ទឹមគ្នានេះ សហរដ្ឋអាមេរិក អារ៉ាប៊ីសាអូឌីត ឥណ្ឌា និង បណ្ដាប្រទេសផ្សេងៗទៀត នៅក្នុងតំបន់ កំពុងតែពិភាក្សាគ្នា អំពីកិច្ចព្រមព្រៀង លើការកសាងហេដ្ឋារចនាសម្ព័ន្ធ ដែលអាចមាន ឬ អាចកំណត់លើហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មឡើងវិញ រវាងតំបន់ឈូងសមុទ្រ និង តំបន់អាស៊ីខាងត្បូង។ បើតាមផែនការនេះ នឹងតភ្ជាប់ពីបណ្តាប្រទេស នៅតំបន់មជ្ឈិមបូព៌ា តាមផ្លូវដែក និង តភ្ជាប់មកកាន់ប្រទេសឥណ្ឌា តាមរយៈកំពង់ផែ។
ផែនការកំពង់ផែចម្រុះជាតិសាសន៍ និង កិច្ចព្រមព្រៀងផ្លូវដែក នឹងឈានមកដល់ នៅក្នុងពេលវេលាដ៏សំខាន់ណាមួយ នាពេលខាងមុខ។ គម្រោងនេះ ធ្វើឡើង សម្រាប់ទប់ទល់នឹងការជំរុញហេដ្ឋារចនាសម្ព័ន្ធរបស់ពិភពលោក ក្រោមគោលនយោបាយ«ខ្សែក្រវាត់និងផ្លូវ»របស់លោក ស៊ី ជិនពីង (Xi Jinping) ប្រធានាធិបតីចិន៕










