ប្រទេសឥណ្ឌូណេស៊ី ៖ នៅពេលរដ្ឋាភិបាលឥណ្ឌូណេស៊ីព្យាយាមជំរុញឥណ្ឌូណេស៊ីឱ្យក្លាយជាប្រទេសនាំមុខគេផ្នែកឧស្សាហកម្មរថយន្តអគ្គិសនី ប្រទេសផ្សេងៗនៅតំបន់អាស៊ីអាគ្នេយ៍ ក៏អាចរួមគ្នាដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីនៅលើពិភពលោក និងក្លាយជាតំបន់នាំមុខក្នុងការជំរុញឱ្យមាននិរន្តរភាពផងដែរ ។
Anindya Bakrie ជានាយកប្រតិបត្តិក្រុមហ៊ុន Bakrie & Brothers នៅប្រទេសឥណ្ឌូណេស៊ីលើកឡើងថា ការប្រកួតប្រជែងក្នុងឧស្សាហកម្មរថយន្តអគ្គិសនីរវាងឥណ្ឌូណេស៊ីជាមួយប្រទេសជិតខាង គឺមិនមែនជាការប្រកួតប្រជែងពិតប្រាកដនោះទេ ពីព្រោះម៉ាឡេស៊ីក៏មានកេរ្តិ៍ឈ្មោះផ្នែកសមត្ថភាពផលិតបន្ទះឈីប ។ ចំណែកថៃមានចំណុចខ្លាំងក្នុងការផលិតរថយន្តកង់៤ និងរថយន្តអគ្គិសនី ខណៈវៀតណាមបានទទួលជោគជ័យក្នុងការចុះបញ្ជីទីផ្សារហ៊ុននៅសហរដ្ឋអាមេរិក ។
នាយកប្រតិបត្តិក្រុមហ៊ុន Bakrie & Brothers បន្តថា អាស៊ានគឺជាក្រុមពាណិជ្ជកម្មក្នុងតំបន់ ហើយអាស៊ានកំពុងស្ថិតនៅលើផ្លូវមួយដើម្បីក្លាយជាតំបន់សេដ្ឋកិច្ចដ៏ធំបំផុតលំដាប់ទី៤ លើពិភពលោក និងជាតំបន់នាំចេញដ៏ធំបំផុតផងដែរ ។ ហេតុនេះ អាស៊ានមិនត្រឹមតែជាតំបន់រីកចម្រើន និងមានស្ថេរភាពផ្នែកភូមិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែអាស៊ានជាតំបន់ដែលអាចបង្កើតនិរន្តរភាព ។
ប្រទេសឥណ្ឌូណេស៊ីមានគម្រោងពង្រីកឧស្សាហកម្មរថយន្តអគ្គិសនី ហើយប្រទេសនេះបានដាក់គោលដៅផលិតរថយន្តអគ្គិសនីឱ្យស្មើ៦សែនគ្រឿងនៅឆ្នាំ២០៣០ ខណៈរដ្ឋាភិបាលឥណ្ឌូណេស៊ីបានកំណត់គោលដៅជំរុញឱ្យពលរដ្ឋប្រើប្រាស់រថយន្តអគ្គិសនីឱ្យស្មើ២លានគ្រឿងនៅឆ្នាំ២០៣០ ។ ទោះយ៉ាងណា ឥណ្ឌូណេស៊ីបានប្រើរថយន្តអគ្គិសនីតិចជាង១% បើធៀបនឹងការប្រើរថយន្តផ្ទាល់ខ្លួននៅតាមផ្លូវ ដែលស្មើប្រមាណ១៧លានគ្រឿងនៅឆ្នាំ២០២៣ ៕
ប្រភព ៖ AEC connect










