ប្រទេសថៃ ៖ ព្រះសង្ឃ និងលោកនេននៅវត្តអារញ្ញវ៉ាត ឬវត្តបានប៉ុង ស្ថិតនៅឃុំបានប៉ុង ស្រុកហាងដុង ខេត្តឈៀងម៉ៃ ប្រទេសថៃ បានជួយថែទាំដំណាំស្រូវជាមួយអ្នកភូមិ ក្នុងបរិវេណផ្ទៃដីវត្តប្រមាណជិត១ហិកតា ។ ចំណែកទិន្នផលស្រូវដែលទទួលបាន ព្រះសង្ឃនឹងបែងចែកឱ្យអ្នកភូមិ ជាពិសេស អ្នកមានប្រាក់ចំណូលតិច ដើម្បីជួយសម្រាលបន្ទុកការចំណាយផ្សេងៗ ។
ព្រះចៅអធិការវត្តអារញ្ញវ៉ាត ស្រុកហាងដុង ខេត្តឈៀងម៉ៃ ព្រះនាម អាឆាព្រីឆា មានសង្ឃដីកាថា ៖ «ព្រះសង្ឃបានជួយធ្វើស្រែជាមួយអ្នកភូមិអស់រយៈពេលជាច្រើនឆ្នាំហើយ ចំណែកស្រូវដែលបានមក គឺទុកប្រើប្រាស់សម្រាប់ការងារប្រតិបត្តិធម៌ក្នុងវត្ត, ថ្វាយព្រះសង្ឃ និងលោកនេន ព្រមទាំងចែកឱ្យអ្នកភូមិ ។ សម្រាប់អ្នកភូមិ គឺចែកឱ្យអ្នកដែលបានមកជួយធ្វើស្រែ, មនុស្សចាស់ជរា និងជនក្រីក្រ» ។
អ្នកភូមិក្នុងតំបន់នេះប្រាប់ថា ព្រះសង្ឃបានធ្វើស្រែជាមួយពួកគាត់អស់រយៈពេលជិត១០ឆ្នាំហើយ ហើយការធ្វើស្រែនេះ មិនប្រើប្រាស់ជីគីមីទេ ។ ចំណែកស្រូវដែលព្រះសង្ឃយកមកចែកឱ្យអ្នកភូមិនោះ គឺអាចជួយអ្នកភូមិបានច្រើនណាស់ក្នុងពេលតម្លៃទំនិញផ្សេងៗកើនឡើងជាបន្តបន្ទាប់ ។
អ្នកស្រី វឌ្ឍនា វង្សសែនចៃ ជាអ្នកភូមិរស់នៅឃុំបានប៉ុង ស្រុកហាងដុង ខេត្តឈៀងម៉ៃ និយាយថា ៖ «ខ្ញុំរីករាយណាស់ដែលព្រះសង្ឃបានផ្តល់ស្រូវ និងទឹកជួយក្មេងៗ និងអ្នកក្រីក្រនៅទីនេះ» ។
ចំណែកព្រះសង្ឃគង់នៅស្រុកហាងដុង ខេត្តឈៀងម៉ៃ មានសង្ឃដីកាថា ៖ «ការធ្វើស្រែនេះមិនខុសនឹងវិន័យព្រះសង្ឃទេ ពីព្រោះវាជាការប្រតិបត្តិការងារជួយសង្គ្រោះដើម្បីផលប្រយោជន៍សាធារណៈ ។ លើសពីនេះ មិនត្រឹមតែមិនខុសនឹងវិន័យសង្ឃនោះទេ ប៉ុន្តែវាជារឿងល្អ» ។
ព្រះសង្ឃសង្ឃឹមថា នឹងអាចប្រមូលផលស្រូវនៅខែវិច្ឆិកា ឆ្នាំ២០២៣នេះ បន្ទាប់មក ព្រះសង្ឃនឹងបែងចែកស្រូវមួយចំនួនទៅឱ្យអ្នកភូមិដែលមានជីវភាពខ្វះខាត និងអ្នកត្រូវការដើម្បីដោះស្រាយជីវភាពចំពោះមុខ ៕ ប្រភព ៖ Thai PB










