បទចម្រៀងមានចំណងជើងថា «ចាប់ក្តីស្រមៃ ឬ Homeless » របស់ ទេព ពិសិដ្ឋ ត្រូវបានតារាចម្រៀង ថុល សុភិទិ យកមក Cover បែបចង្វាក់ ACOUSTIC កំពុងធ្វើឱ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍យ៉ាងខ្លាំង។ មិនត្រឹមតែប៉ុណ្ណោះបានពោលសរសើរថាបទចម្រៀងនេះមានអត្ថន័យល្អហើយកាន់តែស្តាប់កាន់តែពីរោះ។
បទ ចាប់ក្តីស្រមៃ របស់ ទេព ពិសិដ្ឋ បានទម្លាក់លើឆាណែលយូធូបរបស់តារាចម្រៀងរូបនេះប្រមាណជាង២ខែមកហើយដោយមកទល់ពេលនេះមានអ្នកស្តាប់១លានដងឯណោះ។ បទនេះគឺស្នាដៃផ្ទាល់របស់ ទេព ពិសិដ្ឋ ប្រកបដោយអត្ថន័យល្អឱ្យមនុស្សខិតខំរើសបំរាស់ចាកចេញពីភាពក្រីក្រទោះបីជាលំបាកយ៉ាងណាគេមិនឱ្យតម្លៃយ៉ាងណាត្រូវតែជំនះដើម្បីក្រពះ។
មួយបទប្រកបដោយអត្ថន័យនេះត្រូវបានតារាចម្រៀងល្បីឈ្មោះ ថុល សុភិទិ យកមក Cover ជាចង្វាក់ ACOUSTIC ហើយត្រូវបានអ្នកគាំទ្រពោលសរសើរមិនដាច់ពីមាត់ទៅលើតារាចម្រៀងរូបនេះថាបកស្រាយបានពីរោះ បើកាន់តែស្តាប់កាន់តែពីរោះ ថែមទាំងមានការចែករំលែកយ៉ាងច្រើននៅលើបណ្តាញសង្គម។
បើនិយាយពីការច្រៀង Cover ថុល សុភិទិ ត្រូវបានគេសង្កេតឃើញថាច្រើនតែទទួលបានការចាប់អារម្មណ៍ច្រើនពីមហាជនជាក់ស្តែងអំឡុងពេលប្រលងកម្មវិធី Cambodian Idol រដូវកាលទី៤ ភិទិ បានជ្រើសបទ «មិនអាចឃាត់» ទេ របស់ ម៉ម ពេជ្ជរិទ្ធ ធ្វើឱ្យផ្ទុះកក្រើកយ៉ាងខ្លាំងនាពេលនោះដោយសារទឹកដមសំឡេងរបស់ TOP4 រូបនេះបកស្រាយបានច្រើនទម្រង់និងពីរោះទៀតធ្វើឱ្យអ្នកគាំទ្រអត់សរសើរមិនបាន៕










