ប្រទេសថៃ ៖ ក្រោយកើតហេតុការណ៍បា.ញ់ប្រហា.រនៅ Siam Paragon ស្ថិតក្នុងទីក្រុងបាងកក ប្រទេសថៃ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ដែលបង្កឡើងដោយក្មេងប្រុសម្នាក់អាយុ១៤ឆ្នាំ បានធ្វើឱ្យប៉ះពាល់ដល់វិស័យទេសចរណ៍នៅប្រទេសថៃ ជាពិសេស ភ្ញៀវទេសចរចិន ។ ចំណែកបណ្តាក្រុមហ៊ុន និងអ្នកប្រកបអាជីវកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍នៅខេត្តភាគខាងត្បូងប្រទេសថៃ បានលើកឡើងពីចំនួនភ្ញៀវទេសចរចិនធ្លាក់ចុះ ។
គេសង្កេតឃើញថា នៅរដូវកាលទេសចរណ៍នេះ ក្រុមភ្ញៀវទេសចរបរទេសបានធ្វើដំណើរមកកាន់ខេត្តត្រាងចាប់ផ្តើមអ៊ូអរ ប៉ុន្តែបើពិនិត្យមើលឱ្យស៊ីជម្រៅឃើញថា ចំនួនភ្ញៀវទេសចរចិនបានធ្លាក់ចុះជាបន្តបន្ទាប់ ។ បុគ្គលិកក្រុមហ៊ុនទេសចរណ៍នៅខេត្តត្រាងឱ្យដឹងថា មុននេះ មានអតិថិជនចិនជាច្រើននាក់បានកក់បន្ទប់ស្នាក់នៅ និងកក់ការធ្វើដំណើរមកប្រទេសថៃ តាមរយៈក្រុមហ៊ុនរបស់ខ្លួនដើម្បីមកលេងនៅខេត្តត្រាង ។
បុគ្គលិកក្រុមហ៊ុនទេសចរណ៍នៅខេត្តត្រាងបន្តថា ប៉ុន្តែតាំងពីកើតហេតុការណ៍បា.ញ់ប្រហា.រនៅ Siam Paragon ដែលបានបណ្តាលឱ្យជនជាតិចិនស្លា.ប់បា.ត់ប.ង់ជីវិ.ត បានធ្វើឱ្យភ្ញៀវទេសចរចិនជាច្រើននាក់លុបចោលការធ្វើដំណើររបស់ពួកគេ ។ ជំហានដំបូង ខេត្តត្រាង បានបាត់បង់ភ្ញៀវទេសចរចិនប្រមាណ៤០% ហើយធ្វើឱ្យក្រុមហ៊ុនទេសចរណ៍ត្រូវលុបចោលការកក់ទូកដឹកភ្ញៀវទេសចរ ក៏ដូចជាលុបចោលការកក់រថយន្ត និងសណ្ឋាគារផ្សេងៗក្នុងរដូវកាលទេសចរណ៍ ឆ្នាំ២០២៣នេះ ។
ចុងក្រោយ បុគ្គលិកក្រុមហ៊ុនទេសចរណ៍រូបនេះបានស្នើឱ្យរដ្ឋាភិបាលថៃត្រូវឈ្វេងយល់ពីទំនុកចិត្តរបស់ភ្ញៀវទេសចរបរទេស ជាពិសេស ទំនុកចិត្តភ្ញៀវទេសចរចិន និងប្រទេសចិនឱ្យបានឆាប់រហ័សបំផុត ពីព្រោះបារម្ភថា វាអាចនឹងប៉ះពាល់ដល់វិស័យទេសចរណ៍ប្រទេសថៃក្នុងរយៈពេលយូរ ។
កាលពីដើមខែតុលា ឆ្នាំ២០២៣ សារព័ត៌មានថៃឈ្មោះ Thai PBS បានចុះផ្សាយថា ភ្ញៀវទេសចរចិនបានលុបចោលការធ្វើដំណើរមកកាន់ប្រទេសថៃ ហើយពួកគេប្តូរទៅប្រទេសផ្សេងវិញ ។ អ្នកនាង ម៉ានីណាត អនផាណា អ្នករាយការណ៍ពិសេសនៅប្រទេសចិន និយាយថា ៖ «សារព័ត៌មានអនឡាញនានានៅប្រទេសចិនបានបង្ហោះវីដេអូហេតុការណ៍បា.ញ់ប្រហា.រនៅ Siam Paragon ហើយធ្វើឱ្យអ្នកលេងបណ្តាញសង្គមចិនភ្ញាក់ផ្អើលយ៉ាងខ្លាំង និងគ្មានទំនុកចិត្តមកលេងប្រទេសថៃទៀតទេ ដោយពួកគេប្តូរទៅកម្សាន្តនៅប្រទេសផ្សេងវិញ» ៕
ប្រភព ៖ Thai PBS










