ក្រុមជម្រើសជាតិកម្ពុជា បានធ្លាក់ចេញពីវគ្គជម្រុះជុំទី១ នៃការជម្រុះព្រឹត្តិការណ៍ឆ្នាំ២០២៦ ក្រោមថ្វីជើងប្រទេសប៉ាគីស្ថាន ក្នុងលទ្ធផល ១-០ ទាំងពីរជើង។
ក្រោយបរាជ័យនេះភ្លាម មហាជនបាននាំគ្នាចូលទៅបញ្ចេញមតិ (comment) នៅលើការបង្ហោះរបស់ផេកសហព័ន្ធបាល់ទាត់កម្ពុជា ដោយមនុស្សភាគច្រើនចង់ឱ្យសហព័ន្ធបញ្ឈប់លោក Felix ដែលជាគ្រូបង្គោល។
មហាជនហាក់សម្តែងការមិនពេញចិត្តនោះទេ ជុំវិញការដាក់កីឡាករលេងខុសតំបន់ និងការកោះហៅកីឡាចូលក្រុមជម្រើសជាតិហាក់មិនសូវត្រូវទម្រង់។
ជាក់ស្តែងកីឡាករចន្ថា ចន្ធាការ និង Nick Taylor អ្នកទាំងពីរលេងនៅក្លិបក្នុងនាមជាខ្សែប្រយុទ្ធ តែមកក្នុងក្រុមជម្រើសជាតិ ពួកគេបែរជាត្រូវលោក Felix ដាក់ឱ្យលេងខ្សែការពារស្លាបទៅវិញ។
ម៉្យាងវិញទៀត មហាជនក៏រិះគន់ទៅលើការកោះហៅកីឡាចូលក្រុមជម្រើសជាតិ ដោយលោក Felix មិនបានកោះហៅការពារស្លាបឆ្វេងល្អៗនោះទេ តែបែរជាកោះហៅកីឡាករដែលមិនសូវបានបង្ហាញខ្លួននៅក្នុងលីគទី១ និងអ្នកខ្លះលេងនៅលីគទី២ ថែមទៀត។
តែយ៉ាងណាមិញ ជុំវិញបញ្ហានេះ នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធបាល់ទាត់កម្ពុជា បានថ្លែងថា៖” គេនិយាយពិតជាត្រឹមត្រូវ សុំទទួលយកព្រោះជាការពិតវាកើតឡើងអញ្ចឹងមែន។ ពួកគេគាំទ្រជម្រើសជាតិ គេស្រឡាញ់ទើបគេតាមដាន គេដឹង និងរិះគន់។ សម្រាប់យើងមានតែប្រឹងប្រែងរកវិធីល្អណាដើម្បី
ដោះស្រាយនូវការមិនសប្បាយចិត្តរបស់អ្នកគាំទ្រតែប៉ុណ្ណោះ”៕










