នៅថ្ងៃទី១៧ ខែតុលា សារព័ត៌មាន SBS Entertainment បានរាយការណ៍ថា យោងទៅតាមអ្នកខាងក្នុងឧស្សាហកម្មកម្សាន្ត Sehun និង Chanyeol សមាជិកក្រុម EXO បានចុះកិច្ចសន្យាផ្តាច់មុខជាមួយភ្នាក់ងារថ្មីដែលបង្កើតឡើងដោយ Jung Hoon Tak ដែលជាអតីតនាយកប្រតិបត្តិនៃទីភ្នាក់ងារកម្សាន្ត iHQ និងជាទីប្រឹក្សាសមាគមគ្រប់គ្រងការកម្សាន្តកូរ៉េ។
របាយការណ៍បានបញ្ជាក់បន្ថែមទៀតថា សមាជិកក្រុម EXO ទាំងពីរបានឈានដល់កិច្ចព្រមព្រៀងជាមួយ SM Entertainment ដើម្បីបន្តកិច្ចខិតខំប្រឹងប្រែងផ្ទាល់ខ្លួនជាមួយក្រុមហ៊ុនថ្មី ខណៈពេលដែលរក្សាការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុងសកម្មភាពក្រុមរបស់ EXO នៅក្រោម SM ។
ជាការឆ្លើយតបទៅនឹងរបាយការណ៍នេះ ផលិតកម្ម SM Entertainment បានចេញសេចក្តីថ្លែងការណ៍មួយ បដិសេធពាក្យចចាមអារ៉ាមនេះ ដោយបញ្ជាក់ថា “វាមិនមែនជាការពិតទេដែល Chanyeol និង Sehun បានផ្លាស់ទៅទីភ្នាក់ងារថ្មី។ កិច្ចសន្យាដែលសមាជិក EXO បានចុះហត្ថលេខាជាមួយ SM Entertainment នៅចុងឆ្នាំ២០២២ នៅតែមានសុពលភាព ហើយសកម្មភាពរបស់ EXO នឹងបន្តដំណើរការក្រោមការគ្រប់គ្រងរបស់ SM Entertainment ។
ក្រុមហ៊ុននេះ បានបញ្ជាក់បន្ថែមទៀតថា ទោះជាយ៉ាងណាក៏ដោយ ទាក់ទងនឹងសកម្មភាពបុគ្គលរបស់សមាជិក ផលិតកម្មបានអនុញ្ញាតឱ្យពួកគេបន្តតាមរយៈក្រុមហ៊ុនដែលបានបង្កើតឡើងដោយខ្លួនឯង ប្រសិនបើពួកគេចង់បាន ក្នុងលក្ខខណ្ឌនៃកិច្ចសន្យាផ្តាច់មុខដែលមានស្រាប់របស់ពួកគេជាមួយ SM ។
សូមបញ្ជាក់ផងដែរថា ក្រុម EXO បានបង្ហាញខ្លួនផ្លូវការក្រោមផលិតកម្ម SM ក្នុងខែមេសា ឆ្នាំ២០១២ បច្ចុប្បន្នមានសមាជិកចំនួន៧នាក់មានសកម្មភាពលើអាជីពសិល្បៈ ខណៈសមាជិក Kai កំពុងបំពេញកាតព្វកិច្ចយោធា ចំណែកឯសមាជិក Lay នៅថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២២ បានប្រកាសពីការចាកចេញរបស់ខ្លួនពីផលិត SM ដោយមិនមានព័ត៌មានលម្អិតទាក់ទងនឹងសកម្មភាពរូបគេក្នុងនាមជាសមាជិក EXO នោះទេ៕










