ក្នុងឱកាសកម្មវិធីសប្បុរសធម៌ Top4 នៅតំបន់សហគមន៍ឱរ៉ាល់ តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ ត្រូវអ្នកលេងបណ្តាញសង្គមសរសើរមិនដាច់ពីមាត់ក្រោយពីជួយបងប្អូនក្នុងសហគមន៍ធ្វើម្ហូបអាហារសាមគ្គីឱ្យសិស្សានុសិស្សនៅតំបន់នោះ។
នាថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ តារាចម្រៀងទាំង៤រូប ដែលជា Top4 បានជួបសិស្សានុសិស្សចំនួន៦២០នាក់ក្នុងតំបន់សហគមន៍ឱរ៉ាល់ក្នុងខេត្តកំពង់ស្ពឺដោយមានការចែកជូនអាវរងា សម្ភារៈសិក្សា និងញុំាអាហារសាមគ្គីជាមួយគ្នា រួមទាំងការសំណះសំណាលចែករំលែកក្តីស្រលាញ់ជាមួយក្មេងៗ។ នេះគឺជាលើកទី១មួយហើយបន្ទាប់ពីការប្រលងចម្រៀងអស់រយៈពេលជាង១ឆ្នាំដែលពួកគេទាំង៤នាក់រួមមាន លីម តិចម៉េង , ថុល សុភិទិ, នាង ដាវីន និង ស៊ឹម ច័ន្ទពន្លឺ មានឱកាសបង្កើតកម្មវិធីសប្បុរសធម៌ជាមួយគ្នា។
អ្វីដែលកាន់តែចាប់អារម្មណ៍នោះ អ្នកលេងបណ្តាញសង្គមពោលសរសើរមិនដាច់ពីមាត់ទៅកាន់តារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ មិនត្រឹមតែមានរូបរាងសង្ហា ជាគ្រូពេទ្យ និងជាតារាចម្រៀងផងប៉ុន្តែរូបគេក៏ចំណាប់ធ្វើម្ហូបដូចគ្នា។ ក្នុងវីដេអូខ្លីនោះ បានបង្ហាញសកម្មភាព ស៊ឹម ច័ន្ទពន្លឺ ជួយកាប់មាន់ជាមួយថ្វីដៃយ៉ាងជំនាញដើម្បីជួបបងប្អូនក្នុងសហគមន៍ក្នុងការរៀបចំអាហារសាមគ្គីជាមួយសិស្សានុសិស្សជាច្រើនរយនាក់ជាមួយទឹកមុខយ៉ាងសប្បាយរីករាយ។
ប្រការនេះហើយអ្នកគាំទ្រពោលសរសើរ ស៊ឹម ច័ន្ទពន្លឺ មិនដាច់ពីមាត់ចេះសឹងតែគ្រប់សព្វ សូម្បីតែការតុបតែងមុខមាត់ឡើងឆាកប្រគំតន្រ្តីក៏តារាចម្រៀងរូបនេះចេះដែរ ជាក់ស្តែងកន្លងមកលោកក៏បានជួយផាត់មុខទៅដល់ Top4 ក្នុងអំឡុងពេលប្រកួតកម្មវិធី Cambodian Idol ទៀតផង។
បច្ចុប្បន្នតារាចម្រៀង ស៊ឹម ច័ន្ទពន្លឺ មិនទាន់បង្ហាញមុខគូស្នេហ៍នោះទេស្របពេល នាង ដាវីន និងថុល សុភិទិ ពួកគេសុទ្ធតែប្រកាសទំនាក់ទំនងស្នេហាហើយ៕
@sombathnhep










