សហរដ្ឋអាមេរិក៖ បុរសថែសួនម្នាក់នៅរដ្ឋមីនីសូតាក្នុងប្រទេសសហរដ្ឋអាមេរិក បានបង្កើតកំណត់ត្រាពិភពលោកថ្មីមួយ បន្ទាប់ពីដាំផ្លែល្ពៅដែលមានទម្ងន់ប្រមាណ ១,២៤៧ គីឡូក្រាម។
លោក Travis Gienger មកពីទីក្រុង Anoka រដ្ឋ Minnesota បានឈ្នះក្នុងការប្រកួតជើងឯកទម្ងន់ល្ពៅពិភពលោកលើកទី ៥០ ដែលធ្វើឡើងនៅទីក្រុង Half Moon Bay នៃរដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី ៩ ខែតុលាកន្លងទៅ។ លោក Gienger អាយុ ៤៣ ឆ្នាំបាននិយាយបន្ទាប់ពីឈ្នះថា “អ្វីគ្រប់យ៉ាងគឺលើសពីការរំពឹងទុករបស់ខ្ញុំ ខ្ញុំមានអារម្មណ៍ថាអស្ចារ្យណាស់”។
លោក Gienger ក៏បានបន្តទៀតថា គាត់បានដាំដុះល្ពៅអស់រយៈពេលជិត ៣០ ឆ្នាំមកហើយ ដោយគាត់បានដាំវានៅលើដីខាងក្រោយផ្ទះរបស់គាត់ នឹងស្រោចទឹកចំនួន ១២ ដងក្នុងមួយថ្ងៃ។
លោក Gienger បានដាំល្ពៅតាំងពីគាត់នៅក្មេងមកម្លេះ ដែលត្រូវបានបំផុសគំនិតដោយឪពុករបស់គាត់។ បច្ចុប្បន្ន Gienger ក៏ជាគ្រូបង្រៀនផ្នែកទេសភាព និងសាកវប្បកម្មនៅមហាវិទ្យាល័យបច្ចេកទេស Anoka ផងដែរ។
Gienger បានចូលរួមដំបូងតាំងពីឆ្នាំ ២០២០ ក្នុងការប្រកួតល្ពៅប្រចាំឆ្នាំរបស់ Half Moon Bay ហើយបានឈ្នះការប្រកួតល្ពៅយក្សចំនួន ៣ ដងក្នុងចំណោមការប្រកួតល្ពៅយក្សធំៗចំនួន ៤ របស់ទីក្រុង ដូច្នេះជើងឯកឈ្នះរង្វាន់នឹងទទួលបានទឹកប្រាក់ ៣០,០០០ ដុល្លារ។
ទោះជាយ៉ាងណាក៏ដោយ កាលពីឆ្នាំមុនគាត់ក៏បានបង្កើតកំណត់ត្រាថ្មីមួយនៅអាមេរិកសម្រាប់ការដាំល្ពៅផងដែរ ដែលល្ពៅរបស់គាត់នៅពេលនោះមានទម្ងន់ ១,២២៦ គីឡូក្រាម នេះបើយោងតាមអង្គការកំណត់ត្រាពិភពលោកហ្គីណេស៕










