ប្រទេសថៃ ៖ ក្រុមហ៊ុនប្រេងឥន្ធនៈប្រទេសថៃលើកឡើងថា សង្គ្រាមរវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស់ នឹងមិនធ្វើឱ្យប៉ះពាល់ដល់បរិមាណប្រេងនៅលើពិភពលោកទេ ប្រសិនបើសង្គ្រាមនេះមិនរាលដាលកាន់តែខ្លាំង ។ បើទោះជានៅដំណាក់កាលដំបូង តម្លៃប្រេងនឹងកើនឡើងខ្ពស់ក្តី ប៉ុន្តែវានឹងធ្លាក់ចុះវិញ ហើយប្រទេសថៃមានថាមពលប្រើប្រាស់គ្រប់គ្រាន់ មិនគួរបារម្ភទេ ។
លោក អាត់ថាភូន រឺកភីប៊ុន (Atthaphon Rerkphibun) នាយកប្រតិបត្តិក្រុមហ៊ុន PTT លើកឡើងថា ការផ្ទុះសង្គ្រាមនៅប្រទេសអ៊ីស្រាអែលជាមួយក្រុមហាម៉ាស់ លោកយល់ឃើញថា វានឹងមិនប៉ះពាល់ដល់បរិមាណប្រេងនៅលើពិភពលោកទេ ដោយសារមិនមែនជាតំបន់ផលិតប្រេង ប៉ុន្តែវានឹងប៉ះពាល់ដល់ផ្លូវចិត្តជនរងគ្រោះមួយចំនួន ។ លោកបន្តថា តម្លៃប្រេងបានកើនឡើងភ្លាមៗប្រមាណពី៣ដុល្លារ ទៅ៤ដុល្លារអាមេរិកក្នុង១ធុង ប៉ុន្តែចុងក្រោយ តម្លៃប្រេងនឹងធ្លាក់ចុះវិញ ហើយតម្លៃនេះនៅតែខ្ពស់ជាងតម្លៃនៅមុនអំឡុងពេលកើតសង្គ្រាមនៅអ៊ីស្រាអែល ប្រមាណ២ដុល្លារអាមេរិកក្នុង១ធុង ។
ទោះយ៉ាងណា សម្រាប់ក្រុមហ៊ុនប្រេងឥន្ធនៈរបស់ថៃ (PTT) បើហេតុការណ៍សង្គ្រាមមិនបានអូសបន្លាយ ឬរីករាលដាលខ្លាំងជាងបច្ចុប្បន្ននោះទេ គឺចាត់ទុកថា មិនគួរឱ្យបារម្ភទេ ។ ប៉ុន្តែក្រុមហ៊ុន PTT បានត្រៀមខ្លួនស្វែងរក និងគ្រប់គ្រងថាមពល ព្រោះក្រុមហ៊ុនបានវិនិយោគក្នុងផ្នែកបម្រុងទុកថាមពលឱ្យបានគ្រប់គ្រាន់សម្រាប់ប្រើប្រាស់នៅប្រទេសថៃ ដូចជា ប្រេង និង Gas ។ ហេតុនេះ ពលរដ្ឋថៃមិនចាំបាច់បារម្ភទេ ព្រោះប្រទេសថៃមានថាមពលប្រើប្រាស់គ្រប់គ្រាន់ ។
លោក អាត់ថាភូន រឺកភីប៊ុន នាយកប្រតិបត្តិក្រុមហ៊ុន PTT បន្ថែមថា ចំពោះហេតុការណ៍អាក្រក់បំផុតនោះ លោកគិតថា ឱកាសកើតឡើងមិនច្រើនទេ ។ ដូច្នេះ សម្រាប់ការស្វែងរកថាមពលផ្សេងៗ ខាងក្រុមហ៊ុន PTT បានធ្វើពាណិជ្ជកម្មនៅទូទាំងពិភពលោក ដែលធ្វើឱ្យក្រុមហ៊ុនមានលទ្ធភាពរកប្រភពផលិតប្រេងនៅជុំវិញពិភពលោក ។ ហេតុនេះ បើនៅតំបន់មួយចំនួនមានបញ្ហា ដូចជា តំបន់មជ្ឈិមបូព៌ា ក្រុមហ៊ុន PTT អាចស្វែងរកប្រេងពីតំបន់ផ្សេងមកជំនួសបាន ហើយក្រុមហ៊ុនក៏បានតាមដានស្ថានការណ៍នៅអ៊ីស្រាអែលជាប្រចាំផងដែរ ៕ ប្រភព ៖ mgronline










