ប្រទេសថៃ ៖ ក្រសួងការបរទេសថៃព្យាយាមទំនាក់ទំនងតាមរយៈស្ថានទូតរបស់បណ្តាប្រទេសដែលមានទំនាក់ទំនងជាមួយក្រុមហាម៉ាស់ ដើម្បីឱ្យដោះលែងពលករថៃដែលត្រូវបានក្រុមហាម៉ាស់ចាប់ខ្លួនធ្វើជាចំណាប់ខ្មាំង ព្រោះជនជាតិថៃមិនមែនជាជាតិសាសន៍មានទំនាស់ជាមួយក្រុមហាម៉ាស់ទេ ។ ចំណែកកូនសិស្សថៃចំនួន៨០នាក់ទៀតបញ្ជាក់ថា ពួកគេមានសុវត្ថិភាព ។
ក្រសួងការបរទេសថៃនឹងទទួលទូរស័ព្ទ២៤ម៉ោងសម្រាប់ទូរស័ព្ទចំនួន៦០ខ្សែពីសាច់ញាតិ និងក្រុមគ្រួសារដែលចង់ទំនាក់ទំនងមកកាន់ក្រសួង ដើម្បីសួរនាំពីពលករថៃ ។ ក្រៅពីនេះ ក៏មានភ្នាក់ងារជួយសង្គ្រោះជនជាតិថៃ ដែលរស់នៅប្រទេសអ៊ីស្រាអែលផងដែរ ។
ពលករជាង៥.០០០នាក់ដែលរស់នៅជិតតំបន់ប្រយុទ្ធគ្នា ត្រូវបានអាជ្ញាធរជួយជម្លៀសចេញមួយចំនួនកាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ។ ចំណែកសាកស.ពជាច្រើនទៀតត្រូវរង់ចាំឱ្យអាជ្ញាធរអ៊ីស្រាអែលសម្អាតតំបន់ជាមុនសិន ព្រោះតំបន់ទាំងនោះកំពុងប្រយុទ្ធគ្នានៅឡើយ ។
លោក ចក្រាផុង ស៊ែងម៉ានី រដ្ឋមន្ត្រីក្រសួងការបរទេសថៃ ទទួលស្គាល់ថា ការទំនាក់ទំនងជាមួយជនជាតិថៃក្នុងតំបន់ពិតជាពិបាកខ្លាំង ព្រោះបណ្តាញទំនាក់ទំនងត្រូវគេកាត់ផ្តាច់ ។ លោកថ្លែងថា ៖ «យើងរង់ចាំឱ្យពួកគេសម្អាតតំបន់ជាមុនសិន ព្រោះតំបន់ទាំងនោះកំពុងប្រយុទ្ធគ្នានៅឡើយ ដែលធ្វើឱ្យប្រទេសថៃពិបាកជួយសង្គ្រោះពលកររបស់ខ្លួន ។ ប៉ុន្តែយើងត្រូវតែជួយពួកគេឱ្យបាន» ។
ចំណែកអ្នកនាង ផាន់ណាផា ច័ន្ទថារ៉ារុំ ឯកអគ្គរាជទូតថៃប្រចាំទីក្រុងអាវីស បញ្ជាក់ថា មន្ត្រីស្ថានទូតថៃ ក៏ត្រូវរត់គេចពីតំបន់គ្រោះថ្នាក់ផងដែរ ៕
ប្រភព ៖ Thai PBS










