រាជធានីតូក្យូ៖ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ចិន បាន និង កំពុងតែបង្កើនសកម្មភាពយោធាយ៉ាងខ្លាំង នៅជុំវិញកោះតៃវ៉ាន់ ហើយសកម្មភាពបែបនេះ មិនខុសពីដាស់យក្សឲ្យភ្ញាក់ពីដំណេកនោះឡើយ ខណៈជប៉ុន បានដេកលង់លក់ នៅក្នុងសន្ដិភាព អស់រយៈពេលជាច្រើនទសវត្សរ៍កន្លងមកហើយ ក្រោយការចាញ់ នាដំណាក់កាលចុងក្រោយបង្អស់ នៃសង្គ្រាមលោកលើកទី២ រហូតមក ហើយឥឡូវមហាយក្សអាស៊ីបូព៌ា កំពុងតែដាក់ពង្រាយនូវកម្លាំងស័្វយការពាររបស់ខ្លួន គួរឲ្យព្រួយភ័យខ្លាច។
សារព័ត៌មាន The Japan Times បានចេញផ្សាយ កាលពីព្រឹក ថ្ងៃចន្ទ ទី៩ ខែតុលា ដោយដកស្រង់ប្រភពពីក្រសួងការពារជាតិជប៉ុន បានអះអាង ថា ជប៉ុន កំពុងតែពង្រីកអង្គភាពកងកម្លាំងស្វ័យការពាររបស់ខ្លួន នៅក្នុងតំបន់គីស៊ូ ( Kyushu) ។ កងទ័ពទាំងនោះ មានទាំងក្រុមយន្តហោះចម្បាំងបំបាំងកាយ F-35B និង អង្គភាពមីស៊ីល បាញ់ពីលើដី ទៅលើកប៉ាល់ នៅក្នុងតំបន់នេះ។
ប្រទេសជប៉ុន បានបង្កើនកម្លាំងការពាររបស់ខ្លួន កាន់តែខ្លាំង ជាមួយនឹងការចំណាយកញ្ចប់ថវិកាជាតិ កាន់តែច្រើនឡើង ស្របពេលប្រទេសចិន បាន និង កំពុងតែបង្កើនសកម្មភាពខ្លាំងឡើង នៅជិតខេត្តអូគីណាវ៉ាវ៉ា (Okinawa) និង តៃវ៉ាន់។ អង្គភាពមីស៊ីល និង យន្ដហោះចម្បាំងបំបាំងកាយ F-35B នៃកម្លាំងស្វ័យការពាររបស់ជប៉ុន នឹងត្រូវបង្កើតឡើង នៅក្នុងឆ្នាំសារពើពន្ធ ២០២៤ ដោយនឹងត្រូវចាប់ផ្តើម នៅខែមេសា ឆ្នាំ២០២៤។
ក្រសួងការពារជាតិជប៉ុន បានបញ្ជាក់ទៀត ថា ដោយសារតែការព្យាយាមលុបបំបាត់នូវការខ្វះចន្លោះកិច្ចការពារ នៅលើកោះណានសេ (Nansei) តភ្ជាប់ពីខេត្តកាហ្គោស៊ីម៉ា (Kagoshima) និង អូគីណាវ៉ា (Okinawa ) នោះ ក្រសួងការពារជាតិ កំពុងតែប្រញាប់ប្រញាល់ បង្កើនសមត្ថភាពទប់ទល់ នៅលើកោះគីស៊ុ (Kyushu) ព្រោះវានឹងរួមចំណែក ជួយដល់កោះណានសេ (Nansei) ផងដែរ។
នៅក្នុងឆ្នាំសារពើពន្ធ ២០២៤ ជប៉ុន នឹងដាក់ពង្រាយយន្តហោះចម្បាំងបំបាំងកាយ ប្រភេទ F-35B ចំនួន៦ មានសមត្ថភាពហោះហើរចម្ងាយជិត និង ចុះចតជាលើកដំបូង នៅលើមូលដ្ឋានណីតាបារុ (Nyutabaru) ស្ថិតក្នុងខេត្តមីយ៉ាហ្សាគី (Miyazaki) កោះគីស៊ុ។ យន្តហោះ F-35B នឹងត្រូវចុះចតនៅលើនាវាពិឃាតអ៊ីហ្ស៊ូមូ (Izumo) និង កាហ្កា (Kaga) របស់កងកម្លាំងការពារដែនសមុទ្រជប៉ុន សម្រាយជួយថែរក្សាឧត្តមភាពដែនអាកាស នៅក្នុងតំបន់ភាគនិរតីដ៏ធំល្វឹងល្វើយ។
នៅក្នុងកិច្ចប្រជុំមួយ នៅមន្ទីរបញ្ចកោណ កាលពីពេលកន្លងទៅថ្មីៗនេះ លោក មីណូរុ គីហារ៉ា (Minoru Kihara) រដ្ឋមន្ត្រី ក្រសួងការពារជាតិជប៉ុន និង សមភាគីសហរដ្ឋអាមេរិក លោក ឡយ អូស្ទីន (Lloyd Austin) បានយល់ព្រមបង្កើនវត្តមានកងទ័ពរបស់ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក ដោយគិតគូរ អំពីសារៈសំខាន់ សម្រាប់ការឆ្លើយតបទៅនឹងឧបទ្ទវហេតុនានា អាចនឹងកើតមាន នៅលើតៃវ៉ាន់ និង ការការពារខ្សែការពារកោះណានស៊ី (Nansei)។
យន្តហោះទម្លាក់គ្រាប់បែករបស់ចិន ប្រភេទ H-6 តែងតែហោះហើរជាញឹកញាប់ នៅជុំវិញកោះអូគីណាវ៉ា ហើយត្រូវគេជឿ ថា វាមានសមត្ថភាពអាចផ្ទុកមីស៊ីល ប្រឆាំងនៅលើផ្ទៃទឹក បាញ់ចម្ងាយឆ្ងាយជាង ១ ៥០០គីឡូម៉ែត្រ។ នេះមានន័យថា ប្រទេសជប៉ុន កំពុងតែប្រឈមមុខនឹងតម្រូវការជាបន្ទាន់ នៅក្នុងការពង្រឹងសមត្ថភាពការពាររបស់ខ្លួន ដើម្បីទប់ទល់នឹងគ្រឿងសព្វាវុធ បាញ់ប្រហារ ចម្ងាយឆ្ងាយបែបនេះ។
ជាមួយគ្នានេះ កងវរសេនាធំមីស៊ីល បាញ់ពីលើដីទៅកប៉ាល់ នឹងត្រូវបង្កើតឡើងនៅជំរំរបស់កងកម្លាំងស្វ័យការពារដីគោកយូហ្វីន (Yufuin) ស្ថិតក្នុងខេត្តអូអ៊ីតា ( Oita) នៅក្នុងទីក្រុង Kyushu ដើម្បីត្រៀមរៀបចំទប់ទល់ សម្រាប់ឧបទ្ទវហេតុណាមួយ អាចនឹងកើតមាន នៅក្នុងតំបន់។ បន្ថែមពីលើនេះ ក្រសួងការពាជាតិជប៉ុន ក៏នឹងសាងសង់ឃ្លាំងរំសេវ នៅមន្ទីរ GSDF អនុជំរុំ Oita ដែលនឹងត្រូវប្រតិបត្តិការរួមគ្នា ជាមួយកងវរសេនាធំមីស៊ីល៕










