បុរសម្នាក់អាយុ៥០ឆ្នាំមានទីលំនៅក្នុងភូមិ ម្រាក់ទាប ឃុំត្រស់ ស្រុករមាសហែក ខេត្តស្វាយរៀងវិជ្ជមានវីរុសផ្ដាសាយបក្សី ប្រភេទហាស់៥ អ៊ុន១(H5N1) ដែលត្រូវបានបញ្ជាក់ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ នេះជាករណីទី២កើតឡើងក្នុងឆ្នាំ២០២៣ យោងទៅតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនាថ្ងៃទី៨ តុលា។

តាមការសាកសួរបង្ហាញថា មានផ្ទះអ្នកជិតខាងបុរសខាងលបានទិញមាន់មកស្តុកទុកលក់ បន្ទាប់មក ក៏ឃើញមានមាន់នៅផ្ទះរបស់គាត់ និងផ្ទះអ្នកក្បែរខាងចាប់ផ្តើមងាប់ ប្រមាណជាង ៥០ក្បាល ហើយមាន់ងាប់ នេះក៏បានចែកចាយឱ្យបងប្អូនយកទៅបរិភោគដែរ។
ក្រុមឆ្លើយតបបន្ទាន់របស់ក្រសួងសុខាភិបាល ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ បាននិងកំពុងអង្កេត ស្រាវជ្រាវការកើតឡើងនូវជំងឺផ្ដាសាយបក្សីប្រភេទនេះ និងធ្វើការឆ្លើយតបទៅតាមវិធីសាស្ត្រ និងពិធីសារ របស់ជាតិ បានសហការគ្នារវាងក្រុមឆ្លើយតបបន្ទាន់ទាំងផ្នែកសុខាភិបាល និងបសុពេទ្យ ស្វែងរកប្រភពចម្លង ទាំងលើសត្វ និងមនុស្ស និងបន្តស្វែងរកករណីសង្ស័យ និងអ្នកប៉ះពាល់ដើម្បីទប់ស្កាត់ការឆ្លងបន្តទៅអ្នក ដទៃទៀត ក្នុងសហគមន៍ និងធ្វើយុទ្ធនាការអប់រំសុខភាពប្រជាពលរដ្ឋនៅក្នុងភូមិដែលកើតហេតុខាងលើ។
ជាមួយគ្នានេះដែរ ក្រសួងសុខាភិបាលបានក្រើនរំលឹកសារជាថ្មីដល់ប្រជាពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ ប្រុងប្រយ័ត្នលើជំងឺផ្តាសាយបក្សីជានិច្ច ពីព្រោះជំងឺផ្តាសាយបក្សី H5N1 នៅតែបន្តគំរាមកំហែងដល់ សុខភាព ប្រជាពលរដ្ឋជាពិសេសលើកុមារដែលជាក្រុមមានហានិភ័យ និងមានភាពងាយរងគ្រោះ។ ករណីដែលបានស្លាប់ នេះ គឺជាករណីផ្តាសាយបក្សីទី៥៨ (ស្លាប់៣៩នាក់) ដែលកើតមានលើមនុស្ស ចាប់តាំងពីឆ្នាំ២០០៥ ហើយ នេះជាករណីទី២ ដែលបានកើតឡើងនៅក្នុងឆ្នាំ២០២៣។

គួរបញ្ជាក់ថា ជំងឺផ្តាសាយបក្សី H5N1 គឺជាជំងឺផ្ដាសាយមួយ ដែលជាធម្មតាចម្លងរវាងសត្វបក្សី ឈឺ ទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមការប៉ះពាល់ជិតស្និទ្ធជាមួយបក្សី ដែលឈឺឬស្លាប់។ ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរ ពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួន ដល់អាចឆ្លង ដូចនឹងជំងឺផ្តាសាយតាមរដូវកាលផងដែរ។

ដើម្បីបង្ការជំងឺនេះ យើងត្រូវលាងដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូនិងទឹកមុនពេលបរិភោគ និងបន្ទាប់ពីប៉ះពាល់ជាមួយបក្សី ដាក់កុមារនៅឆ្ងាយពីសត្វបក្សី និង ដាក់សត្វបក្សីនៅឱ្យឆ្ងាយពីកន្លែងរស់នៅ កុំបរិភោគសត្វបក្សីឈឺឬងាប់ និងរាល់សត្វបក្សីដែលធ្វើសម្រាប់បរិភោគត្រូវចំអិនឱ្យឆ្អិនល្អ៕