ផលិតកម្មបារមីបានប្រកាសដំណឹងល្អទាំងព្រឹកតែម្តងដោយបានបញ្ជាក់ថា តារាចម្រៀងរ៉េបល្បីឈ្មោះ ម៉ាន់ វណ្ណដា , វណ្ណថាន រួមទាំងកញ្ញា កៅ សុហ្វៀ នឹងធ្វើការសម្ដែងជាលើកដំបូងឯសហរដ្ឋអាម៉េរិកក្នុងកម្មវិធីមហោស្រពប្រគំតន្រ្ដី Sabaidee Fest នៅឯទីក្រុង Chino, Southern California នាខែមិថុនា ឆ្នាំ២០២៤ ខាងមុខ។
នៅលើទំព័រផេករបស់ផលិតកម្មបារមីនាថ្ងៃទី៥ ខែតុលា បានបញ្ជាក់ទៀតថា កម្មវិធីមហោស្រពខាងលើនេះចាប់ផ្ដើមពីថ្ងៃទី ១៤ រហូតដល់ទី ១៦ ខែមិថុនា ឆ្នាំ ២០២៤។ ជាមួយគ្នានេះខាងផលិតកម្មក៏បង្ហាញអារម្មណ៍ រំភើបនិងមានមោទភាពចំពោះសិល្បករខ្លួនដែលបានតំណាងឱ្យប្រទេសកម្ពុជាសម្តែងនៅលើទឹកដីមហាអំណាចលោកខាងលិចនេះ។
ងាកទៅកាន់សាមីខ្លួនវិញ វណ្ណដា ក៏បានសម្តែងអារម្មណ៍រំភើបរបស់ខ្លួនជាមួយអ្នកគាំទ្រព្រោះនេះជាអ្វីដែលរូបគេបានរង់ចាំពេលនេះជាយូរមកហើយ។ វណ្ណដា ក៏បានបន្ថែមទៀតថា នេះជាលើកទីមួយហើយដែលរូបគេបានទៅសម្តែងនៅអាម៉េរិក ហើយបានជួបអ្នកគាំទ្រ ក៏ដូចជាបងប្អូនខ្មែរ ដែលតែងតែចង់ឃើញការសំដែងរបស់លោកនៅក្រៅប្រទេស។
ចំណែកឯតារាចម្រៀង វណ្ណថាន ម្ចាស់បទ «កំលោះស្រុកខ្មែរ» វិញក៏បានបង្ហើបពីអារម្មណ៍របស់ខ្លួនដែរថានៅឆ្នាំ ២០២៤ ខាងមុខនេះ លោកបានសម្រេចក្តីស្រមៃដ៏ធំមួយទៀតហើយដែលមានការអញ្ជើញឱ្យឡើងសម្តែងនៅមហោស្រពនេះ។ លោកបន្តទៀតថា
នេះជាកិត្តិយសណាស់ ដែលលោកមានឱកាសចេញទៅសម្តែង តំណាង ឱ្យតន្ត្រី និងវប្បធម៌ ខ្មែរនៅក្រៅប្រទេស។
គួរបញ្ជាក់ផងដែរថា Sabaidee Fest គឺជាមហោស្រពតន្ត្រី និងវប្បធម៌អាស៊ីអាគ្នេយ៍ (SEA) ប្រចាំឆ្នាំដំបូង និងធំជាងគេនៅសហរដ្ឋអាម៉េរិក។ កម្មវិធីនេះមានការលក់សំបុត្រដើម្បីចូលរួមទស្សនា និងទៅតាមប្រភេទនៃសំបុត្រ ដូចជាសំបុត្រសម្រាប់កូនក្មេងប្រភេទធម្មតានិងVIP និងចំនួនថ្ងៃទស្សនា និងសម្រាប់មនុស្សធំប្រភេទធម្មតានិងVIP ដូចគ្នារួមទាំងថ្ងៃនៃការទស្សនាមានតម្លៃចាប់ពី៤៩ដុល្លារដល់៦៧៩ដុល្លារ៕ 











