បរទេស៖ កំពូលតារាបាល់ទាត់របស់ពិភពលោក Lionel Messi បានចំណាយលុយសុទ្ធចំនួន ១០.៨ លានដុល្លារ ដើម្បីទិញផ្ទះដ៏ប្រណិតនៅក្នុងរដ្ឋផ្លរីដាសហរដ្ឋអាមេរិក។
បន្ទាប់ពីខ្សែប្រយុទ្ធវ័យ ៣៦ ឆ្នាំរូបនេះបានចុះហត្ថលេខាជាមួយក្លឹប Inter Miami CF កាលពីដើមរដូវក្តៅកន្លងទៅ Messi បានចាប់អារម្មណ៍ភូមិគ្រឹះមួយស្ថិតនៅទីក្រុង Fort Lauderdale ដែលជាតំបន់សម្រាប់អភិជន ឬអ្នកជាន់ខ្ពស់រស់នៅ។
ភូមិគ្រឹះដ៏ទំនើបរបស់ Messi គឺជាវិមានដែលមានទំហំ ១០,៥០០ ម៉ែត្រការ៉េ ក្នុងនោះមានបន្ទប់ទឹកប្រាំបី បន្ទប់គេងប្រាំបួន ក៏ដូចជាមានបន្ទប់ហាត់ប្រាណ កន្លែងស្ប៉ា ការិយាល័យ និងមានសន្តិសុខការពារ ២៤ ម៉ោង ដោយខាងក្រៅផ្ទះជាប់ឆ្នេរសមុទ្រ Bay Colony ដែលមានមាត់ទឹកប្រហែល ១០០ រួមទាំងកន្លែងចតពីរ។
យោងតាមលោក Ron Shuffield ប្រធាននិងនាយកប្រតិបត្តិនៃក្រុមហ៊ុន Berkshire Hathaway HomeServices EWM Realty បាននិយាយថា បន្ទាប់ពី Messi បានទិញភូមិគ្រឹះនៅក្នុងតំបន់នេះរួច ក៏មានមនុស្សជាច្រើនបានទិញលំនៅដ្ឋាននៅក្នុងតំបន់ Fort Lauderdale ផងដែរ មូលហេតុគឺដោយសារក្នុងតំបន់នេះមានតារាល្បីៗជាច្រើននាក់ ដែលពួកគេបានជ្រើសរើសរស់នៅទីនេះដោយសារសុវត្ថិភាព។
ទោះជាយ៉ាងណាក៏ដោយ អចលនទ្រព្យក្នុងសហគមន៍ Fort Lauderdale មិនអាចបំពេញតម្រូវការរបស់មនុស្សទាំងអស់នោះទេ មានន័យថាបើពួកគេចង់ទិញគឺតម្រូវឱ្យមានការបោះឆ្នោតជាមុនសិន ហើយសម្រាប់តម្លៃផ្ទះក្នុងតំបន់នោះក៏ឡើងខ្ពស់ផងដែរ៕










