ប្រទេសថៃ ៖ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុប្រទេសថៃ ព្រមទាំងលោក Chonnan Srikaew រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានចូលសួរសុខទុក្ខអ្នករងរបួសដោយសារហេតុការណ៍បា.ញ់ប្រហា.រនៅស្យ៉ាម ប៉ារ៉ាហ្គន (SIAM PARAGON) អស់រយៈពេលជាង៤០នាទី ។ បន្ទាប់មក លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រី បានផ្តល់បទសម្ភាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មានថា លោកបានទូរស័ព្ទជជែកជាមួយស្ថានទូតចិនរួចហើយ ដើម្បីរាយការណ៍ពីស្ថានការណ៍ទាំងអស់ ។
លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បន្តទៀតថា ស្ថានទូតចិនបានអរគុណចំពោះការយកចិត្តទុកដាក់របស់រដ្ឋាភិបាលថៃ ព្រមទាំងព្រះមហាក្សត្រថៃទាំង២ព្រះអង្គផងដែរ ។ ហេតុនេះ ស្ថានទូតចិនក៏បានអរគុណផងដែរចំពោះរដ្ឋាភិបាលថៃ ដែលបានចាត់ការគ្រប់យ៉ាងភ្លាមៗ ហើយភ្ញៀវទេសចរដែលរងរបួសដោយសារហេតុការណ៍នៅស្យ៉ាម ប៉ារ៉ាហ្គន មានសុវត្ថិភាពហើយ ។
នៅពេលអ្នកសារព័ត៌មានសួរថា ហេតុការណ៍បា.ញ់ប្រហា.រដែលបានកើតឡើងនៅស្យ៉ាម ប៉ារ៉ាហ្គន តើនឹងប៉ះពាល់ដល់វិស័យទេសចរណ៍របស់ប្រទេសថៃដែរឬទេ ? លោកនាយករដ្ឋមន្ត្រីថ្លែងថា ៖ «វាជាហេតុការណ៍មិនគួរកើតឡើងទេ ចំណែកការផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរបរទេសចាប់ពីពេលនេះ គឺប្រទេសថៃនឹងប្រឹងប្រែងធ្វើជាបន្តបន្ទាប់ ព្រោះយើងផ្តល់ភាពសំខាន់ដល់វិស័យទេសចរណ៍ខ្លាំងបំផុត» ។
ក្រៅពីនេះ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ក៏បានថ្លែងដែរថា មន្ត្រីម៉ាឡេស៊ីបានតភ្ជាប់បណ្តាញទូរស័ព្ទដើម្បីសួរនាំពីស្ថានការណ៍នេះ ដោយសារមានសមាជិករាជវង្សម៉ាឡេស៊ីបានធ្វើដំណើរមកប្រទេសថៃ ។ ដូច្នេះ លោកនាយករដ្ឋមន្ត្រីថៃ ក៏បានបញ្ជាក់ថា ស្ថានការណ៍បានធូរស្រាលហើយ និងមានសុវត្ថិភាពជាធម្មតា ៕ ប្រភព ៖ The Reporters










