ប្រទេសឥណ្ឌូណេស៊ី ៖ គោលនយោបាយគាំទ្ររថយន្តអគ្គិសនីរបស់ប្រទេសឥណ្ឌូណេស៊ីបានទាក់ទាញវិនិយោគិននៅលើពិភពលោក ឱ្យចូលមកប្រទេសនេះកាន់តែច្រើន ។ អ្នកជំនាញមើលឃើញថា រឿងនេះអាចជំរុញការវិនិយោគក្នុងឧស្សាហកម្មរថយន្តនៅតំបន់អាស៊ីអាគ្នេយ៍ផងដែរ ។
តាមរបាយការណ៍របស់ ASEAN Briefing បង្ហាញថា ប្រទេសឥណ្ឌូណេស៊ីសម្បូរទៅដោយធនធានរ៉ែ ដែលមានសារសំខាន់សម្រាប់ការផលិតថ្មរថយន្តអគ្គិសនី ដូចជា ទង់ដែង និងនីកែល ហើយឥណ្ឌូណេស៊ីជាប្រទេសនាំចេញនីកែលដ៏ច្រើនបំផុតលើពិភពលោក ស្មើនឹង២២% របស់នីកែលសរុបទូទាំងពិភពលោក ។ ក្រៅពីនេះ ឥណ្ឌូណេស៊ីបានព្យាយាមទាក់ទាញក្រុមហ៊ុន Tesla ដោយសង្ឃឹមថា នឹងយកកត្តាមានប្រៀបផ្នែកធនធានធម្មជាតិ ដើម្បីអភិវឌ្ឍន៍ប្រទេសរបស់ខ្លួនក្លាយជាមជ្ឈមណ្ឌលផ្គត់ផ្គង់រថយន្តអគ្គិសនីដ៏សំខាន់លើពិភពលោក ។
គោលដៅរបស់ឥណ្ឌូណេស៊ីដើម្បីក្លាយជាមជ្ឈមណ្ឌលផលិតថ្មរថយន្តអគ្គិសនីលើពិភពលោក ហាក់ដូចជាទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។ គេសង្កេតឃើញ ក្រុមហ៊ុនផលិតរថយន្តនៅអាស៊ី ដូចជា ក្រុមហ៊ុន Toyota និង Hyundai ក៏បានជះប្រាក់វិនិយោគរាប់លានដុល្លារអាមេរិក ដើម្បីពង្រីករោងចក្រផលិតរថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ីផងដែរ ។
តាមរបាយការណ៍វិនិយោគអាស៊ានឆ្នាំ២០២២ បង្ហាញថា ការផលិតថ្មរថយន្តអគ្គិសនីបានបង្កើតសមាមាត្រការវិនិយោគដោយផ្ទាល់ពីប្រទេសផ្សេងៗមកកាន់តំបន់អាស៊ីអាគ្នេយ៍ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២១ បានយ៉ាងច្រើនមហាសាល ជាពិសេស នៅប្រទេសឥណ្ឌូណេស៊ី, ម៉ាឡេស៊ី និងថៃ ។
ទោះយ៉ាងណា ការរីកចម្រើនផ្នែកឧស្សាហកម្មរថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ី នឹងមានឥទ្ធិពលដល់ប្រទេសជិតខាង ។ Maybank មើលឃើញថា ការបើកឱ្យចូលប្រើប្រាស់វត្ថុធាតុដើមសំខាន់ៗរបស់ថ្មរថយន្តអគ្គិសនីនៅឥណ្ឌូណេស៊ី គឺអាចទាក់ទាញការវិនិយោគបន្ថែមទៀតយ៉ាងច្រើន និងអាចជួយឱ្យតំបន់អាស៊ានអាចប្រើប្រាស់រថយន្តអគ្គិសនីយ៉ាងឆាប់រហ័ស និងមានតម្លៃថោក ៕ ប្រភព ៖ AEC connect










