រលាកសរសៃពួរកដៃ គឺជាការឈឺចុកចាប់យ៉ាងខ្លាំងនៅកដៃ និងក្រោមម្រាមមេដៃ។ នៅពេលដែលមានការហើមសរសៃពួរនៅកដៃនាំឱ្យមានការរឹប ឬការរួមត្បៀតទៅលើសរសៃប្រសាទដែលរត់ការតាមនោះ ជាហេតុនាំឱ្យមានការឈឺចុកចាប់ ត្រង់កដៃនិងខាងក្រោមម្រាមមេដៃ។ អាការៈនេះច្រើនតែកើតឡើងចំពោះមនុស្សគ្រប់វ័យ ជាពិសេសគឺស្ត្រី។ ដូចច្នេះហើយ តើមូលហេតុអ្វីដែលបណ្តាលឱ្យមានការរលាកសរសៃពួរកដៃ?
មូលហេតុដែលបណ្តាលឱ្យមានការរលាកសរសៃពួរកដៃគឺដោយសារ៖
-ការប្រើប្រាស់មេដៃ និងកដៃច្រើនហួសកម្រិត។
-ការប៉ះទង្គិចដោយផ្ទាល់ទៅលើមេដៃ ឬកដៃ។
-ការលេង Game ក្នុងរយៈពេលយូរ។
-ការលេងកីឡាដូចជា វាយកូនបាល់ ឬកីឡាវាយសី។
-ស្រ្តីដែលបីកូនតូច ឬអ្នកដែលបីត្រកងមើលថែរឪពុកម្តាយចាស់ជរា។
-ជំងឺតម្កាត់ផ្សេងៗដូចជាជំងឺរលាកសន្លាក់ជាដើម។
រោគសញ្ញានៃការរលាកសរសៃពួរនៅកដៃមានដូចជា៖
-មិនអាចលើករបស់របរបាន សូម្បីតែបើកគម្របទឹក និងកាន់កែវទឹកដៃម្ខាង។
– មានការលំបាក និងការឈឺចុកចាប់ខ្លាំងនៅពេលដែលយើងកម្រើក ឬយើងព្យាយាមធ្វើចលនា ជាពិសេសពេលដែលចាប់កាន់វត្ថុ ឬរបស់អ្វីមួយ។
-មានការឈឺចុកចាប់តិច ឬខ្លាំង និងការហើមត្រង់កដៃ ម្រាមមេដៃ។
ដូច្នេះការព្យាបាលគឺយើងត្រូវ៖
-លេបថ្នាំប្រឆាំងនឹងការរលាក ឬចាក់ថ្នាំបំបាត់ការឈឺចាប់។
-ស្អំទឹកកកនៅកន្លែងដែលមានការឈឺចាប់នោះ។
-ពាក់រណប ឬព្រួលតាមវេជ្ជបញ្ជាររបស់គ្រូពេទ្យរហូតដល់កាលកំណត់។
-ត្រូវចៀសវាងរាល់ការងារទាំងឡាយណាដែលនាំឱ្យជំងឺនេះកាន់តែធ្ងន់ធ្ងរ។
-ត្រូវសម្រាកអោយបានគ្រប់គ្រាន់៕










