ប្រទេសថៃ ៖ មុននេះ សារព័ត៌មានប្រទេសថៃបានចុះផ្សាយព័ត៌មានពីការកិបកេងប្រាក់សម្រាប់ធ្វើម្ហូបអាហារថ្ងៃត្រង់ឱ្យកូនសិស្ស ដោយសាលាទាំងនោះបានផ្តល់អាហារឱ្យកូនសិស្សតិចពេក, ខ្វះអាហារូបត្ថម្ភ ឬអាហារគ្មានស្តង់ដារជាដើម រហូតធ្វើឱ្យអាណាព្យាបាលសិស្សជាច្រើននាក់មិនពេញចិត្ត និងរិះគន់ក្នុងបណ្តាញសង្គម ។
នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ ទំព័រហ្វេសប៊ុករបស់សាលាសង្កាត់ឡាំលូកា បានបង្ហោះថាសដាក់អាហារថ្ងៃត្រង់របស់កូនសិស្សថ្នាក់មត្តេយ្យ ព្រមទាំងសរសេរថា ៖ « សាលាមត្តេយ្យសាលាសង្កាត់ឡាំលូកា បានរៀបចំអាហារថ្ងៃត្រង់ជាច្រើនមុខសម្រាប់កូនសិស្ស មានដូចជា ៖ បាយស, ខសាច់មាន់ដាក់ស៊ុត និងតៅស៊ូ, ត្រីចៀនបំពងម្សៅ និងផ្លែទំពាំងបាយជូរ» ។
បន្ទាប់មក នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ ទំព័រហ្វេសប៊ុករបស់សាលាសង្កាត់ឡាំលូកា បានបង្ហោះថាសដាក់អាហារថ្ងៃត្រង់របស់កូនសិស្សថ្នាក់មត្តេយ្យ ព្រមទាំងសរសេរទៀតថា ៖ «សាលាមត្តេយ្យសាលាសង្កាត់ឡាំលូកា បានរៀបចំអាហារថ្ងៃត្រង់ជាច្រើនមុខសម្រាប់កូនសិស្ស រួមមាន ៖ បាយស, ឆាមីសួជាមួយសាច់មាន់ចិញ្ច្រាំ, ស្ងោរសាច់ជ្រូកចិញ្ច្រាំជាមួយស្លឹកបាស់, បង្អែមគ្រាប់សាគូដាក់ខ្ទិះដូង និងផ្លែទំពាំងបាយជូរគ្មានគ្រាប់» ។
ក្រោយពីទំព័រហ្វេសប៊ុករបស់សាលាសង្កាត់ឡាំលូកា បានបង្ហោះរូបម្ហូបអាហាររបស់កូនសិស្សថ្នាក់មត្តេយ្យក្នុងបណ្តាញសង្គមរួចមក ធ្វើឱ្យពលរដ្ឋថៃជាច្រើននាក់ចូលមកបញ្ចេញយោបល់ ក្នុងនោះពលរដ្ឋថៃម្នាក់និយាយថា ៖ «ចង់នាំកូនទៅរៀននៅសាលានេះណាស់ ព្រោះនឹងបានញ៉ាំអាហារឆ្ងាញ់ៗរាល់ថ្ងៃ» ។ ពលរដ្ឋថៃម្នាក់ទៀតថា ៖ «គួរឱ្យចង់ញ៉ាំណាស់ សាលាបានយកចិត្តទុកដាក់ជាមួយកូនសិស្សបានល្អ» ។ ពលរដ្ឋថៃម្នាក់ទៀតថា ៖ «បើបានអាហារបែបនេះនៅគ្រប់សាលារៀន គឺជាការប្រសើរណាស់ ព្រោះមានអាហារូបត្ថម្ភច្រើន» ។ ពលរដ្ឋថៃម្នាក់ទៀតថា ៖ «សាលារៀនរបស់យើងគួរឱ្យចង់រៀន សាលាល្អបែបនេះ ពិតមានប្រាកដមែន» ៕
ប្រភព ៖ 3plus News










