ប្រទេសអង់គ្លេស ៖ តាមលទ្ធផលការស្រាវជ្រាវចុងក្រោយបង្ហាញថា ការចំណាយខ្ពស់ក្នុងជីវភាពរស់នៅ និងបញ្ហាអតិផរណានៅប្រទេសអង់គ្លេស កំពុងធ្វើឱ្យពលរដ្ឋរាប់ពាន់នាក់មានអាយុតិចជាងមុន ។ លើសពីនេះ វាធ្វើឱ្យវិសមភាពផ្នែកជីវភាពរបស់ពលដ្ឋកើនឡើងយ៉ាងឆាប់រហ័សទៀតផង ។
លទ្ធផលការស្រាវជ្រាវនេះបានផ្សព្វផ្សាយក្នុងទស្សនាវដ្តី BMJ Public Health កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ បញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវបានសិក្សាពីផលប៉ះពាល់របស់អតិផរណាចំពោះអត្រាការស្លា.ប់នៅប្រទេសស្កុតឡេន ចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ករណីរដ្ឋាភិបាលមានវិធានការ និងគ្មានវិធានការសម្រាលទុក្ខលំបាករបស់ពលរដ្ឋ រួចហើយពួកគេយកទិន្នន័យនេះមកទស្សន៍ទាយអាយុរបស់ពលរដ្ឋ និងវិសមភាពជាទូទៅនៅប្រទេសអង់គ្លេស ។
លទ្ធផលការស្រាវជ្រាវព្យាករណ៍ថា ករណីរដ្ឋាភិបាលអង់គ្លេសមានវិធានការសម្រាលទុក្ខលំបាករបស់ពលរដ្ឋ គឺចំនួនពលរដ្ឋស្លា.ប់មុនអាយុ៧៥ឆ្នាំ កើនឡើងត្រឹមតែ២% ប៉ុណ្ណោះ នៅតំបន់ដែលពលរដ្ឋមានជីវភាពខ្វះខាតតិចបំផុត ហើយវាកើនឡើងដល់៨% នៅតំបន់ដែលពលរដ្ឋមានជីវភាពខ្វះខាតច្រើនបំផុត ឬសរុបជាមធ្យមស្មើនឹង៦,៥% ។
ចំណែកករណីរដ្ឋាភិបាលគ្មានវិធានការសម្រាលទុក្ខលំបាករបស់ពលរដ្ឋ តួលេខនេះនឹងកើនឡើងស្មើ៥% នៅតំបន់ដែលពលរដ្ឋមានជីវភាពខ្វះខាតតិចបំផុត និងកើនឡើងដល់២៣% នៅតំបន់ដែលពលរដ្ឋមានជីវភាពខ្វះខាតច្រើនបំផុត ។ ក្រៅពីនេះ លទ្ធផលការស្រាវជ្រាវព្យាករណ៍ទៀតថា គ្រួសារមានជីវភាពខ្សត់ខ្សោយបំផុត នឹងស្លា.ប់មុនអាយុលើសមុន៤ដង បើធៀបនឹងគ្រួសារមានជីវភាពធូរធាបំផុត ព្រោះពួកគេត្រូវចំណាយប្រាក់ច្រើនទៅលើតម្លៃថាមពលកើនឡើង ។
អត្រាអតិផរណារបស់អង់គ្លេសនៅខែសីហា ឆ្នាំ២០២៣ ស្មើនឹង៦,៧% ហើយអត្រានេះបានធ្លាក់ចុះពីអត្រាខ្ពស់បំផុតក្នុងរយៈពេល៤១ឆ្នាំ ដែលស្មើនឹង១១,១% នៅខែតុលា ឆ្នាំ២០២២ ប៉ុន្តែវាជាអត្រាខ្ពស់បំផុតក្នុងក្រុមប្រទេសឧស្សាហកម្មឈានមុខគេចំនួន៧ (G7) ។ អត្រាអតិផរណាអង់គ្លេសកើតឡើងដោយសារកត្តាជាច្រើន ដូចជា ការបិទប្រទេសក្នុងអំឡុងពេលជំងឺកូវីដ-១៩ ឆ្លងរាតត្បាត, ការចាកចេញពីសហភាពអឺរ៉ុប (Brexit) និងសង្គ្រាមនៅប្រទេសអ៊ុយក្រែន ៕ ប្រភព ៖ Bangkok biznews










