ទន្ទឹមនឹងមានការត្អូញត្អែរពីផលិតករ អ្នកសិល្បៈមួយចំនួនពិបាកក្នុងការស្នើសុំអជ្ញាធរជាតិអប្សរាថតនៅរមណីដ្ឋានអង្គររួមទាំងមានពាក្យចចាមអារ៉ាមថាមានការហាត់ឃាត់មិនឱ្យថតនោះនាយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ អាជ្ញាធរជាតិអប្សរាបានចេញសេចក្តីជូនដំណឹងបញ្ជាក់ហើយ។
អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថាជាគោលការណ៍អាជ្ញាធរជាតិអប្សរា មិនមានការហាមឃាត់ទេចំពោះការថតរូបភាព ឬវីដេអូ សម្រាប់ចងក្រងជាអនុស្សាវរីយ៍ផ្ទាល់ខ្លួន ឬលក្ខណៈទេសចរណ៍ ដើម្បីផ្សព្វផ្សាយសិល្បៈ និងវប្បធម៌ ឱ្យពិភពលោកបានស្គាល់ពីភាពទាក់ទាញ និងសម្បត្តិវប្បធម៌ដ៏អស្ចារ្យរបស់កម្ពុជា។ ជាក់ស្តែងការថតរូបភាព និងវីដេអូ តាមទម្រង់ទាំងនេះ ត្រូវបានភ្ញៀវទេសចរជាតិ-អន្តរជាតិ បង្ហោះផ្សព្វផ្សាយនៅតាមបណ្តាញសង្គមនានា ដូចជាហ្វេសប៊ុក TikTok និងបណ្ដាញសង្គមជាច្រើនផ្សេងទៀតរួចមកហើយ។
ដោយឡែកក្នុងគោលបំណងបញ្ចៀសនូវកំហុសឆ្គងដោយអចេតនាកើតចេញពីការផ្សព្វផ្សាយ និងអាចធ្វើឱ្យប៉ះពាល់គុណតម្លៃនៃប្រាសាទបុរាណមរតកមិនអាចកាត់ថ្លៃបានរបស់បុព្វបុរសខ្មែរ និងជាសម្បត្តិបេតិកភណ្ឌពិភពលោក ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់តម្រូវឱ្យដាក់ពាក្យស្នើសុំមកអាជ្ញាធរជាតិអប្សរាចំពោះគោលបំណងមួយចំនួនដើម្បីអនុញ្ញាតឱ្យមន្ត្រីជំនាញមានលទ្ធភាពពិនិត្យជាមុននូវទិដ្ឋភាពបច្ចេកទេសមួយចំនួនដូចជាខ្លឹមសារផ្សព្វផ្សាយ និងសម្ភារប្រើប្រាស់ជាដើមក្នុងនោះរួមមាន ៖
• ការថតរូបភាព ថតភាពយន្ត ឬវីដេអូ ក្នុងគោលបំណងផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬបង្កើត អាជីវកម្មនានា។
• ការប្រកបអាជីវកម្មថតសម្លៀកបំពាក់ប្រពៃណីបុរាណ (ថតរូបមុនអាពាហ៍ពិពាហ៍) ដើម្បីពិនិត្យភាពសមស្របនៃសម្លៀកបំពាក់ប្រពៃណីបុរាណ។ ការថតបែបនេះមិនមានការបង់ប្រាក់នោះទេ។
• ការថតវីដេអូផ្សាយបន្តផ្ទាល់ដោយក្រុមហ៊ុនទេសចរណ៍ ឬមគ្គុទ្ទេសក៍ទេសចរណ៍ ដែលមានអាជ្ញាបណ្ណត្រឹមត្រូវពីក្រសួងទេសចរណ៍ ដើម្បីផ្សព្វផ្សាយប្រាសាទនានាតាមប្រព័ន្ធអនឡាញជូនទៅអតិថិជនរបស់ខ្លួន។ រាល់ការផ្សព្វផ្សាយបែបនេះមិនមានការបង់ប្រាក់នោះទេ។
អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ទៀតថារាល់ការស្នើសុំថតរូប ឬវីដេអូផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផល ឬបង្កើតអាជីវកម្មនានា ភ្ញៀវទេសចរជាតិ-អន្តរជាតិ ព្រមទាំងសាធារណជនទាំងអស់ទំនាក់ទំនងមកមជ្ឈមណ្ឌលសេវាកម្មអាជ្ញាធរជាតិអប្សរារៀងរាល់ម៉ោងបំពេញការងារ ហើយអាជ្ញាធរជាតិអប្សរា នឹងឆ្លើយតបទៅម្ចាស់សំណើវិញក្នុងរយៈពេល៥ថ្ងៃនៃថ្ងៃធ្វើការងារយ៉ាងយូរ៕










