លោកជំទាវឧកញ៉ា នឹម វណ្ណៈ មានចិត្តមិនខុសពីមហាជនឡើយរង់ចាំមើលដំណោះស្រាយ និងការពន្យល់ជាបន្ទាន់របស់ក្រសួងជាប់ពាក់ព័ន្ធទៅលើរឿង៣ធំៗដែលកំពុងផ្ទុះកក្រើកប្រចាំខែកញ្ញា ទាក់ទងនឹងរឿងការប្រមូលពន្ធ ខ្សែភាពយន្តចិនឆ្លុះបញ្ចាំងពីឧក្រិដ្ឋកម្មចាប់ជំរិតតាមអនឡាញនៅកម្ពុជាដែលមានផលប៉ះពាល់យ៉ាងខ្លាំងលើវិស័យទេសចរណ៍ និងការសាងសង់ប្រាសាទថ្មរបស់ថៃស្រដៀងនឹងប្រាសាទអង្គរវត្ត។
នៅថ្ងៃទី២៦ កញ្ញា នៅលើបណ្តាញសង្គមហ្វេកប៊ុករបស់លោកជំទាវឧកញ៉ា នឹម វណ្ណៈ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អេស៊ីអឺគ្រុប និងជាស្រ្តីក្តោបក្តាប់ជំនួញជាច្រើននៅក្នុងដៃបានសរសេរបង្ហោះថា «រឿងកំពុងផ្ទុះការចាប់អារម្មណ៍ប្រចាំខែកញ្ញា ហើយស្នើចាំបាច់ត្រូវតែដោះស្រាយនិងមានការពន្យល់ជាបន្ទាន់
១ / ពន្ធដា
២ / សៀមសាងសង់ប្រាសាទស្រដៀងប្រាសាទអង្គរវត្ត
៣ / ចិនថតខ្សែភាពយន្តឆ្លុះបង្ហាញពីឧក្រិដ្ឋកម្មចាប់ជំរិតតាមអនឡាញនៅកម្ពុជា
៤/ ទេសចរណ៍ធ្លាក់ចុះយ៉ាងខ្លាំង ប្រជាជនស្នើរសុំឱ្យក្រសួងពាក់ព័ន្ធ បង្កើនការផ្សព្វផ្សាយហៅភ្ញៀវនៅលើពិភពលោកមកកម្ពុជា។
វណ្ណៈក៏កំពុងតាមដានរឿងទាំង៣នេះផងដែរ ហើយសង្សឹមជឿជាក់ថានឹងមានដំណោះស្រាយដ៏ល្អបំផុតជូនដល់ម្ចាស់ឆ្នោត កំពុងចុះប្រមូលដីលក់មុន ពន្ធ២០% ដើមខែ១ឆ្នាំ២០២៤មកដល់»។
បញ្ហាខាងលើនេះកំពុងបានក្លាយជាប្រធានបទក្តៅនៅលើបណ្តាញសង្គម ខណៈក៏ចង់ឃើញចំណាត់ការរបស់ក្រសួង ថ្នាក់ដឹកនាំ នឹងធ្វើយ៉ាងដូចម្តេចអំពីរឿងនេះ ព្រោះចាប់តាំងពីមានមតិប្រតិកម្មពីពលរដ្ឋក្រសួងនៅមិនទាន់ចេញសេចក្តីថ្លែងការណាមួយឡើយ៕











