បរទេស៖ ថ្មីៗនេះ មហាសេដ្ឋី Elon Musk បានអំពាវនាវជាសាធារណៈដល់តារាល្បីៗដូចជា Taylor Swift ឱ្យជួយបង្ហោះមាតិកានៅលើបណ្តាញសង្គម X ក្នុងបរិបទនៃប្រាក់ចំណូលរបស់វេទិកានេះធ្លាក់ចុះ។
បន្ទាប់ពីតារាចម្រៀង Taylor Swift បានប្រកាសពីការចេញអាល់ប៊ុមរបស់នាងឡើងវិញកាលពីដើមសប្តាហ៍នេះ Elon Musk បានសរសេរនៅលើបណ្តាញសង្គម X ថា “ខ្ញុំណែនាំអ្នកឱ្យបង្ហោះវីដេអូចម្រៀង ឬការប្រគុំតន្ត្រីផ្ទាល់នៅលើវេទិកានេះ”។ ការបង្ហោះរបស់មហាសេដ្ឋីវ័យ ៥២ឆ្នាំរូបនេះ បានទាក់ទាញអ្នកចូលមើល ១.១ លានដង ជិត ៧ ពាន់ Like និងជាង ១.១ ពាន់ Comment ប៉ុន្តែមិនមានការឆ្លើយតបពីកំពូលតារាពិភពលោក Taylor Swift នោះទេ។
យោងតាម Business Insider បានឱ្យដឹងថា ទោះបីជា Musk ខំប្រឹងបន្តផ្សព្វផ្សាយក៏ដោយ ក៏វេទិកានេះកំពុងប្រឈមមុខនឹងការលំបាកជាច្រើន។ បច្ចុប្បន្ន X បានបាត់បង់ពាក់កណ្តាលនៃប្រាក់ចំណូលផ្សាយពាណិជ្ជកម្មរបស់ខ្លួន។ ស្ថានភាពរបស់ X គឺអាក្រក់ណាស់ដែលធ្វើឱ្យ Musk ត្រូវតែអំពាវនាវដល់តារាល្បីៗគ្រប់កម្រិតដើម្បីបង្ហោះនៅលើវេទិកា។
បន្ទាប់ពីទទួលបាន Twitter ក្នុងខែតុលា ឆ្នាំ ២០២២ លោក Musk បានផ្លាស់ប្តូរបណ្តាញសង្គម ដោយគាត់បានបណ្តេញបុគ្គលិកជាច្រើន និងបានប្តូរឈ្មោះវេទិកានេះទៅជា X។ មហាសេដ្ឋីរូបនេះ ក៏បានសរសេរនៅលើបណ្តាញសង្គម X កាលពីខែមុនថា យើងប្រហែលជាបរាជ័យដូចមនុស្សជាច្រើនបានទាយទុកជាមុន។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ខ្ញុំនឹងព្យាយាមឱ្យអស់ពីសមត្ថភាព ដើម្បីឱ្យបណ្តាញសង្គមមួយនេះរីកចម្រើនឡើងវិញ និងក្លាយជាបណ្តាញដ៏ល្អមួយ៕
ប្រភព៖vnexpress










