ប្រទេសវៀតណាម ៖ លោក Vu Hong Thanh ប្រធានគណៈកម្មាធិការសេដ្ឋកិច្ចវៀតណាមបានថ្លែងក្នុងសន្និសីទសារព័ត៌មាន «2023 Vietnam Socio-Economic Forum» ថា ប្រទេសវៀតណាមមានអនាគតភ្លឺស្វាង ស្របពេលសេដ្ឋកិច្ចពិភពលោកជួបវិបត្តិ ។
នៅឆ្នាំ២០២៣ សេដ្ឋកិច្ចវៀតណាមមានស្ថេរភាព ហើយអត្រាអតិផរណាជាទូទៅស្ថិតនៅក្រោមការគ្រប់គ្រងមានត្រឹមតែ៣,១% ប៉ុណ្ណោះ ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំ២០២៣ ។ ចំណែកបំណុលសាធារណៈ បំណុលបរទេស និងបំណុលរដ្ឋាភិបាល ក៏វៀតណាមអាចគ្រប់គ្រងបានដែរ រួមទាំងភាពជឿជាក់មកលើប្រទេសវៀតណាម ក៏ល្អប្រសើរ ។
កាលពីឆ្នាំ២០២២ វៀតណាមគឺជាប្រទេសតែមួយគត់ក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែល Moody’s បានចាត់ចំណាត់ថ្នាក់ថា វៀតណាមជាប្រទេសគួរឱ្យជឿជាក់ ។ ហេតុនេះ ចាត់ទុកថា វៀតណាមមានសេដ្ឋកិច្ចល្អប្រសើរ ខណៈសេដ្ឋកិច្ចពិភពលោកកំពុងធ្លាក់ចុះ ។
នៅត្រីមាសទី២ ផលិតផលក្នុងស្រុករបស់វៀតណាម (GDP) បានកើនឡើង៤,១៤% និងខ្ពស់ជាងត្រីមាសទី១ ដែលស្មើត្រឹមតែ៣,២៨% ប៉ុណ្ណោះ ។ ចំណែកការបង្កើតអាជីវកម្មថ្មី ស្មើជាង១៤.០០០កន្លែងកាលពីខែសីហា ឆ្នាំ២០២៣ កើនឡើង១៨% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ។ ចាប់ពីដើមឆ្នាំ២០២៣ រហូតដល់ខែសីហា ឆ្នាំ២០២៣ មានអាជីវកម្មបង្កើតថ្មីសរុបចំនួន១០៣.៧០០កន្លែង កើនឡើង២,៣% ខណៈការលក់រាយសរុបសម្រាប់ទំនិញ និងសេវាកម្ម កើនឡើង៧,៦% នៅខែសីហា ។
ក្រសួងផែនការ និងវិនិយោគបង្ហាញថា សេដ្ឋកិច្ចវៀតណាមកំពុងងើបឡើងវិញ បើទោះជារយៈពេលខ្លីនេះពុំទាន់ឃើញការផ្លាស់ប្តូរឆាប់រហ័សក្តី ។ ក្រៅពីនេះ សេដ្ឋកិច្ចវៀតណាមកំពុងប្រឈមនឹងបញ្ហាមួយចំនួនដូចជា ការវិនិយោគ និងពាណិជ្ជកម្មធ្លាក់ចុះ ហើយវៀតណាមចាំបាច់ត្រូវតែដោះស្រាយបញ្ហានេះ រួមទាំងការពិបាកទទួលបានប្រាក់កម្ចី ។
ចំណែកអនុប្រធានគណៈកម្មាធិការសេដ្ឋកិច្ចវៀតណាមឈ្មោះ Nguyen Duc Hien លើកឡើងថា ប្រទេសវៀតណាមមិនអាចសម្រេចគោលដៅសេដ្ឋកិច្ចមួយចំនួនបានទេ នៅឆ្នាំ២០២៣ ដូចជា ផលិតភាពការងារ ។ ហេតុនេះ ក្នុងរយៈពេលវែង វៀតណាមត្រូវជំរុញផលិតភាពការងារជាចម្បង ៕ ប្រភព ៖ AEC connect










