នៅកីឡដ្ឋាន Do Son Stadium ប្រទេសវៀតណាមនាថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ មាន មនុស្សប្រមាណ២ម៉ឺននាក់បានចូលរួមទស្សនាការប្រកួតប្រជល់ក្របីដើម្បីដណ្តើមជ័យលាភី ខណៈការប្រកួតនេះពោរពេញដោយភាពរន្ធត់ និងញាប់ញ័រយ៉ាងខ្លាំង។
ល្បែងប្រជល់ក្របីនេះមានក្របីដែលចូលរួមទាំងអស់១៦ក្បាលមកពីសង្កាត់ផ្សេងៗគ្នា ដោយមានការឆ្លងកាត់ ប្រកួតយ៉ាងតឹងរ៉ឹងចំនួនបីជុំមុននឹងចូលរួមក្នុងជុំចុងក្រោយ។ នៅក្នុងការប្រជល់នេះក្របី ០៩ និងក្របី ០៣ ស្ថិតក្នុងការប្រកួតចុងក្រោយ។ ការប្រកួតរបស់ក្របីលេខ ០៩ បានផ្ដួលគូប្រកួតជាច្រើនក្បាល ប៉ុន្តែមិនអាចយកឈ្នះកំពូលក្របីលេខ ០៣ បានឡើយ។
ក្របីលេខ ០៣ នេះមានអាយុ១១ឆ្នាំ នាំចូលពីប្រទេសថៃ កំពស់១.៦ម៉ែត្រ បណ្តោយ២.៤ម៉ែត្រ រង្វង់ទ្រូង២.៦ម៉ែត្រ ទម្ងន់១.៣តោន។ ជាមួយនឹងកម្លាំងដ៏ខ្លាំងក្លាដែលយកឈ្នះគូប្រកួតជាបន្តបន្ទាប់ រហូតក្លាយជាជើងឯក។ ក្របីដែលចាញ់ក្នុងការប្រកួតនឹងត្រូវយកទៅកន្លែងសត្តឃាត និងការលក់សាច់ក្របីក្នុងកីឡដ្ឋាននេះមានតម្លៃ ៣ លានដុងប្រមាណ១២៣ដុល្លារក្នុងមួយគីឡូក្រាម។
ម្ចាស់ក្របីដែលឈ្នះរង្វាន់ទី១ នឹងត្រូវទទួលពានរង្វាន់១០០លានដុង(ជាង៤០០០ដុល្លារ) រង្វាន់ទី២ ៦០លានដុង (ជាង២០០០ដុល្លារ) និងរង្វាន់ទី៣ ៣០លានដុង (ជាង១០០០ដុល្លារ)។
គួរបញ្ជាក់ថា ល្បែងប្រជល់ក្របី ត្រូវបានរាប់ជាល្បែងបុរាណកាលយូរលង់មកហើយរបស់ប្រទេសវៀតណាមហើយក៏មានភាពពេញនិយមដើម្បីទាក់ទាញអ្នកភ្ញៀវទេសចរបានច្រើន៕










