សហរដ្ឋអាមេរិក ៖ ចំនួនជនភៀសខ្លួនឆ្លងកាត់ព្រំដែនមកពីប្រទេសម៉ិកស៊ិកចូលមកកាន់ទឹកដីសហរដ្ឋអាមេរិក ចាប់ពីរដ្ឋកាលីហ្វ័រញ៉ា ដល់រដ្ឋតិចសាស់ បានកើនឡើងខ្ពស់ រហូតធ្វើឱ្យមន្ត្រីប្រចាំរដ្ឋតិចសាស់ប្រកាសអាសន្ន និងបញ្ជូនអាជ្ញាធរមកការពារសុវត្ថិភាពនៅបរិវេណព្រំដែន ។
ជនភៀសខ្លួនមួយចំនួនបានឈរចាំនៅតាមបណ្តោយរបងលួសរវាងព្រំដែនប្រទេសម៉ិកស៊ិក និងអាមេរិក នៅទីក្រុងអ៊ីកិនផាស់ រដ្ឋតិចសាស់ ។ មន្ត្រីប្រចាំរដ្ឋតិចសាស់បានសម្រេចចិត្តប្រកាសអាសន្ន ក្រោយពីមានជនភៀសខ្លួនប្រមាណ៦.០០០នាក់ធ្វើដំណើរឆ្លងកាត់ទន្លេរីអូកែន ចូលមកកាន់ទីក្រុងនេះ ដែលមានពលរដ្ឋរស់នៅប្រមាណ២ម៉ឺន៨ពាន់នាក់ ។
ក្រៅពីនេះ មន្ត្រីប្រចាំរដ្ឋតិចសាស់បានបញ្ជាឱ្យបិទស្ពាន និងការផ្តល់សេវាកម្មរថភ្លើងក្នុងទីក្រុងផងដែរ ដើម្បីបញ្ជូនអាជ្ញាធរមកការពារសុវត្ថិភាពនៅបរិវេណទាំងនេះបន្ថែមទៀត ។ ជំហានដំបូង គេមិនទាន់ដឹងថា ស្ថានការណ៍នឹងត្រឡប់មករកសភាពធម្មតាវិញនៅពេលណាទេ ។
ចំណែកស្ថានការណ៍ជនភៀសខ្លួននៅរដ្ឋកាលីហ្វ័រញ៉ា ក៏មិនខុសគ្នាពីរដ្ឋតិចសាស់ដែរ ។ មន្ត្រីក្នុងតំបន់នេះបញ្ជាក់ថា នាពេលកន្លងមក មានជនភៀសខ្លួនធ្វើដំណើរឆ្លងកាត់ព្រំដែនពីប្រទេសម៉ិកស៊ិកមកចុះឈ្មោះសុំជំនួយនៅទីក្រុងសាលឌីអែលហ្គោ រដ្ឋកាលីហ្វ័រញ៉ា ចំនួនជាង៣.០០០នាក់ ។
ចំនួនជនភៀសខ្លួនបានកើនឡើងយ៉ាងខ្លាំងនៅបរិវេណព្រំដែនអាមេរិក និងម៉ិកស៊ិក ចាប់ពីរដ្ឋកាលីហ្វ័រញ៉ា រហូតដល់រដ្ឋតិចសាស់ ។ វាបានក្លាយជាឧបសគ្គសំខាន់របស់រដ្ឋាភិបាលអាមេរិក ដែលដឹកនាំដោយលោក ចូ បៃដិន មុនការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកនៅឆ្នាំ២០២៤ ។ បច្ចុប្បន្ន អាមេរិកកំពុងប្រឈមជាមួយបញ្ហាជនភៀសខ្លួនដែលហូរចូលមកក្នុងប្រទេសជាបន្តបន្ទាប់ ។
អ្នកវិភាគលើកឡើងថា អាមេរិកខ្វះខាតប្រព័ន្ធឃុំខ្លួន និងគ្រប់គ្រងជនភៀសខ្លួននៅបរិវេណព្រំដែន ដែលធ្វើឱ្យអាមេរិកមិនអាចអនុវត្តច្បាប់ដាក់ទោសតឹងរ៉ឹង ដែលធ្លាប់ប្រកាសកាលពីខែឧសភា ឆ្នាំ២០២៣ ។ ដូចគ្នានេះ ក្រសួងសន្តិសុខអាមេរិកបញ្ជាក់ថា មន្ត្រីអាមេរិកខ្វះខាតឧបករណ៍ដើម្បីធានាសុវត្ថិភាពនៅតាមព្រំដែន និងការបង្កើតប្រព័ន្ធគ្រប់គ្រងជនភៀសខ្លួនដែលមានប្រសិទ្ធភាព ៕
ប្រភព ៖ Thai PBS










