នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង ហៅកាត់ CDC នៅថ្ងៃទី២៣ កញ្ញា នេះបានឱ្យដឹងថាកុមារីម្នាក់អាយុ៧ឆ្នាំរស់នៅភូមិពពេជ ឃុំចុងដូង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានឆ្លងជំងឺ ហ្ស៊ីកា ដែលមានរោគសញ្ញាដំបូង ក្តៅខ្លួនខ្លាំង មានក្អួត និងរាក។
កុមារីរូបនេះបានចូលសម្រាកនៅមន្ទីរពេទ្យបង្អែកបារាយណ៍ សន្ទុកនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៨ម៉២៥នាទី នៅផ្នែកសង្គ្រោះបន្ទាន់កុមារដោយរោគសញ្ញាដំបូង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ក្តៅខ្លួនខ្លាំង មានក្អួត និងរាក បន្ទាប់ពីគ្រូពេទ្យបានព្យាបាល កុមារីបានធូរស្បើយលែងមានក្អួតទៀត គ្រូពេទ្យបានធ្វើតេស្តរហ័សគ្រុនឈាម តែលទ្ធផលអវិជ្ជមាន។
នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ បានយកវត្ថុវិភាគផ្ញើទៅវិទ្យាស្ថានប៉ាស្ទ័រនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ និងលទ្ធផលចេញនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ វិជ្ជមានហ្សីកា ។
ជំងឺហ្ស៊ីកា (Zika Virus) មេរោគ Zika ត្រូវបានចម្លងជាចម្បងដោយមូសប្រភេទ Aedes ដែលខាំភាគច្រើននៅពេលថ្ងៃ។មនុស្សភាគច្រើនដែលមានការឆ្លងមេរោគ Zika មិនមានរោគសញ្ញាទេ។ អ្នកដែលមានរោគសញ្ញាជាធម្មតារួមមានកន្ទួល គ្រុនក្តៅ រលាកសន្លាក់ ឈឺសាច់ដុំ និងសន្លាក់ ឈឺក្បាល និងឈឺក្បាលដែលមានរយៈពេល ២-៧ ថ្ងៃ។
CDC ក៏បានបញ្ជាក់ទៀតថា ការឆ្លងមេរោគ Zika អំឡុងពេលមានផ្ទៃពោះអាចបណ្តាលឱ្យទារកកើតមកមាន microcephaly (ទារកក្បាលតូច) និងភាពមិនប្រក្រតីពីកំណើតផ្សេងទៀត ក៏ដូចជាការកើតមិនគ្រប់ខែ និងការរលូតកូន។ មន្រ្តីក្រុមឆ្លើយតបបន្ទាន់គ្រប់ជាន់ថ្នាក់និងមន្ត្រីជំនាញពីនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង កំពុងចុះទប់ស្កាត់ការរីករាលដាល និងអង្កេតស្រាវជ្រាវរកប្រភពចម្លង ដើម្បីទប់ស្កាត់ឱ្យមានប្រសិទ្ធភាពខ្ពស់ ។
ក្នុងនោះដែរនាយកដ្ឋានអំពាវនាវសាធារណជនទាំងអស់បង្ការកុំឱ្យមូសខាំ ជាពិសេសកុមារតូចៗ និងស្រ្តីមានផ្ទៃពោះ និងធ្វើអនាម័យជុំវិញផ្ទះ ក្នុងករណីមានរោគសញ្ញាដូចខាងលើ សូមទៅពិគ្រោះជំងឺនៅមណ្ឌលសុខភាព និងមន្ទីរពេទ្យ៕










