តារាសម្តែងជួរមុខរបស់ប្រទេសកម្ពុជា លោក ខាត់ វៃហាំង បានបង្ហោះពីបេសកម្មរបស់ខ្លួនហោះទៅប្រទេសចិនតបតាមការអញ្ជើញរបស់កម្មវិធីចូលរួមកគម្រប់១០ឆ្នាំរបស់ Silk Road International Film Festival នៅទីក្រុងហ្វូចូវ ខណៈលោកជាតារាប្រុសខ្មែរតែម្នាក់គត់ចូលរួមកម្មវិធីនេះដែលមានវត្តមានចូលរួមជាង៣០ប្រទេស។

លោក ខាត់ វៃហាំងជាតារាសម្តែងម្នាក់ដែលលេចមុខតាមកម្មវិធីថ្នាក់ជាតិនិងអន្តរជាតិជាច្រើន ព្រមទាំងក្រសោបពានទាំងជាតិនិងអន្តរជាតិដូចគ្នា។ តារាប្រុសរូបនេះទទួលបានការគាំទ្រពីទស្សនិកជនតាមរយៈសកម្មភាពនានាជាច្រើននៅលើវិថីសិល្បៈ ជាពិសេសគេសង្កេតឃើញថាលោកពុំមានរឿងអាស្រូវបាចសាយលើបណ្តាញសង្គមឡើយ។

ជាងនេះទៀតសោតនៅព្រឹកថ្ងៃទី២៣ កញ្ញា តារាសម្តែង ខាត់ វៃហាំង បានបង្ហោះរូបភាពលើបណ្តាញសង្គមរបស់ខ្លួនក្នុងការធ្វើដំណើរទៅប្រទេសចិនដោយភ្ជាប់ជាមួយចំណងជើងថា «Mission start ! តបតាមការអញ្ជើញចូលរួមខួបគម្រប់10ឆ្នាំរបស់ The 10th Silk Road International Film Festival នៅទីក្រុងហ្វូចូវ របស់ប្រទេសចិន ដែលមានវត្តមានចូលរួមជាង៣០ប្រទេស»។

តាមលិខិតអញ្ជើញនោះបានបញ្ជាក់ថា លោកវៃហាំង ចូលរួមក្នុងកម្មវិធីជាតារាកិត្តិយសដែលកម្មវិធីខាងលើនេះរៀបចំឡើងចាប់ពីថ្ងៃទី២៣-២៧ កញ្ញា ខណៈលោកត្រូវចូលរួមក្នុងកម្មវិធីនៅថ្ងៃទី២៧ កញ្ញា។ លើសពីទៅទៀត សម្រាប់ការអញ្ជើញចូលរួមលើកនេះ តារាសម្តែង ខាត់ វៃហាំង គឺទៅតំណាងឱ្យប្រទេសកម្ពុជាដែលមានលោកជាតារាប្រុសតែម្នាក់គត់ចូលរួម ចំណែកឯថ្លៃធ្វើដំណើរ និងការស្នាក់នៅខាងកម្មវិធីជាអ្នករ៉ាប់រង៕