ក្រុមហ៊ុន Aon និង TELUS Health ជាក្រុមហ៊ុនធានារ៉ាប់រងបានបង្ហាញលទ្ធផលស្ទង់មតិមួយពាក់ព័ន្ធនឹងសុខភាពផ្លូវចិត្ត ដែលបណ្តាលមកពីការបំពេញការងារ និងកត្តាផ្សេងទៀត រកឃើញថា បុគ្គលិកធ្វើការនៅតំបន់អាស៊ីបានប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្តយ៉ាងខ្លាំង ។
គេបានស្ទង់មតិបុគ្គលិកធ្វើការចំនួន១៣.០០០នាក់ក្នុងប្រទេសចំនួន១២ នៅតំបន់អាស៊ី បង្ហាញថា បុគ្គលិកនៅអាស៊ីរហូតដល់៨២% ប្រឈមនឹងការធ្លាក់ខ្លួនឈឺដោយសារសុខភាពផ្លូវចិត្ត ចាប់ពីកម្រិតមធ្យមរហូតដល់កម្រិតខ្ពស់ ក្នុងនោះបុគ្គលិក៤៧% មានបញ្ហាសុខភាពផ្លូវចិត្តកម្រិតមធ្យម ហើយ៣៥% ទៀតមានបញ្ហាសុខភាពផ្លូវចិត្តកម្រិតខ្ពស់ ។ ប្រសិនបើប្រៀបធៀបជាមួយទិន្នន័យដែលគេធ្លាប់ស្ទង់មតិកាលពីឆ្នាំ២០២១ បង្ហាញថា បុគ្គលិកមានភាពតានតឹងកើនឡើងរហូតដល់៥១% ។
ចំណែកមូលហេតុធ្វើឱ្យបុគ្គលិកនៅតំបន់អាស៊ីប្រឈមនឹងបញ្ហាសុខភាពផ្លូវចិត្ត ដោយសារមកពីកត្តាជាច្រើនយ៉ាង ដូចជា ភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច, ការចំណាយក្នុងជីវភាពប្រចាំថ្ងៃកើនឡើង, ថ្លៃថែទាំសុខភាពកើនឡើង, បម្រែបម្រួលអាកាសធាតុ និងអស្ថេរភានយោបាយ ។
ប្រទេសដែលមានបុគ្គលិកធ្លាក់ខ្លួនឈឺដោយសារជំងឺផ្លូវចិត្តច្រើនបំផុត រួមមាន ៖ កូរ៉េខាងត្បូង៤៤%, ម៉ាឡេស៊ី៤២%, ជប៉ុន៤១%, ហុងកុង៤០% និងថៃ២៩% ។ លទ្ធផលស្ទង់មតិបង្ហាញទៀតថា ក្រុមហ៊ុនជាច្រើននៅអាស៊ីគ្មានជំនួយសម្រាប់បុគ្គលិកមានភាពតានតឹង ឬមានបញ្ហាសុខភាពផ្លូវចិត្តទេ ។ ដូច្នេះ វានឹងអាចក្លាយជាបញ្ហារ៉ាំរ៉ៃនាថ្ងៃអនាគត ៕ ប្រភព ៖ Nation World News










