រដ្ឋធានីសេអ៊ូល៖ ដំណើរទស្សនកិច្ចរបស់មេដឹកកូរ៉េខាងជើង នៅក្នុងប្រទេសរុស្ស៊ី បានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីលោកខាងលិច និង សម្ពន្ធមិត្ត ខណៈកូរ៉េខាងត្បូង បានព្រមាន អំពីរដ្ឋាភិបាលរបស់គាត់ នឹងមិននៅស្ងៀម ប្រសិនបើក្រុងព្យុងយ៉ាងលក់អាវុធទៅឲ្យរុស្ស៊ី ព្រោះវានឹងបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរបំផុត ហើយរំលោភលើដំណោះស្រាយរបស់អង្គការសហប្រជាជាតិ
សារព័ត៌មាន CNA បានចេញផ្សាយ កាលពីព្រឹក ថ្ងៃសុក្រ ទី២២ ខែកញ្ញា ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានចេញបញ្ជាឲ្យបង្កើនទំនាក់ទំនងការទូតបន្ថែមទៀត ជាមួយនឹងរុស្ស៊ី ក្រោយដំណើរទស្សនកិច្ចរបស់គាត់ កាន់រដ្ឋធានីមូស្គូ នៃប្រទេសមហាអំណាចនុយក្លេអ៊ែរកំពូលរបស់ពិភពលោក។ សកម្មភាពរបស់លោក គីម បានកើតឡើង ស្របពេលសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង ជាសម្ពន្ធមិត្ដដ៏ជិតស្និទ្ធមួយនៅអាស៊ីបូព៌ារបស់ក្រុងវ៉ាស៊ីនតោន បានព្រមាន ថា រាល់កិច្ចសហប្រតិបត្ដិការយោធាណាមួយ នឹងនាំមកនូវគ្រោះថ្នាក់ និង មានផលវិបាកដ៏ធ្ងន់ធ្ងរ។
បើតាមទីភ្នាក់ងារសារព័ត៌មាន គ្រប់គ្រង ដោយរដ្ឋ កូរ៉េខាងជើង KCNA បានរាយការណ៍ កាលពីថ្ងៃសុក្រ (ទី២២ ខែកញ្ញា) ថា នៅក្នុងកិច្ចប្រជុំ នៃការិយាល័យនយោបាយ កាលពីថ្ងៃពុធ (ទី២០ ខែកញ្ញា) លោកប្រធាន គីម បានរៀបចំការងារ អភិវឌ្ឍទំនាក់ទំនងទ្វេភាគី ដល់កម្រិតខ្ពស់ជាថ្មីបន្ថែមទៀត ដើម្បីបង្កើនជោគជ័យ សម្រាប់ដំណើរទស្សនកិច្ចរបស់គាត់ កាលពីពេលថ្មីៗនេះ។
លោក យូន ស៊ុក-យូល (Yoon Suk-Yeol) ប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែង នៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ កាលពីថ្ងៃពុធ (ទី២០ ខែកញ្ញា) ថា សកម្មភាពណាមួយរបស់សមាជិក នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ គេចចេញពីបទដ្ឋានអន្តរជាតិ នឹងនាំមកនូវគ្រោះថ្នាក់។ ក្រុងសេអូល និង សម្ពន្ធមិត្តរបស់ខ្លួន នឹងមិនអង្គុយនៅស្ងៀម ជុំវិញកិច្ចព្រមព្រៀងលក់គ្រឿងសព្វាវុធ រវាងក្រុងព្យុងយ៉ាង និង ក្រុងមូស្គូ នោះឡើយ។ បញ្ហានេះ នឹងបង្កនូវការគំរាមកំហែងយ៉ាងខ្លាំង មិនត្រឹមតែអ៊ុយក្រែន ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងបង្កការគំរាមកំហែង មកលើប្រទេសកូរ៉េខាងត្បូង ផងដែរ។
នៅក្នុងដំណើរទស្សនកិច្ច នៅរុស្សី កាលពីប៉ុន្មានថ្ងៃមុនេះ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានជួបជាមួយនឹងប្រធានាធិបតី លោក វ៉្លាឌីមៀ ពូទីន ខណៈកំពុងតែធ្វើដំណើរ ទៅកាន់តំបន់ដាច់ស្រយាល នាភាគខាងកើត ប្រទេសរុស្ស៊ី និង បានពិនិត្យមើលកន្លែងបច្ចេកវិទ្យា និង យោធារបស់រដ្ឋាភិបាលក្រុងមូស្គូ។ ភាគីទាំង២ បានលើកឡើង អំពីកិច្ចសហប្រតិបត្ដិការ លើវិស័យការពារជាតិ។ ប៉ុន្ដែទាំងរុស្ស៊ី និង កូរ៉េខាងជើង មិនបញ្ជាក់ឲ្យបានច្បាស់នោះឡើយ។
ក្រុមអ្នកសង្កេតការណ៍ បានអះអាង ថា លោក គីម អាចនឹងដឹកជញ្ជូនគ្រាប់រំសេវ ដើម្បីបំពេញឃ្លាំងអាវុធរបស់លោក ពូទីន ដែលស្ទើរតែខ្សោះ អស់ពីកន្លែងស្ដុក ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែង ធ្វើសង្គ្រាមរបស់គាត់ នៅក្នុងប្រទេសអ៊ុយក្រែន ជាថ្នូរនឹងការទទួលបានមកវិញនូវបច្ចេកវិទ្យាអាវុធទំនើបៗ និង ជំនួយសេដ្ឋកិច្ច ពីក្រុងមូស្គូ ខណៈក្រុងព្យុងយ៉ាង កំពុងតែប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរ។
សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និង សម្ពន្ធមិត្ត បានព្រមាន ថា រុស្ស៊ី និង កូរ៉េខាងជើង នឹងត្រូវបង់ថ្លៃការាតបង់ ប្រសិនបើប្រទេសទាំង២នេះ បន្តកិច្ចព្រមព្រៀងលក់គ្រឿងសព្វាវុធ ដោយបំពានទៅលើសេចក្តីសម្រេច នៃក្រុមប្រឹក្សាសន្តិសុខរបស់អង្គការសហប្រជាជាតិ ហាមឃាត់ការធ្វើពាណិជ្ជកម្មអាវុធ ជាមួយនឹងកូរ៉េខាងជើង ខណៈរុស្ស៊ី ជាសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ក៏បានបោះឆ្នោតគាំទ្រ លើសេចក្តីសម្រេចរបស់ UNSC ផងដែរ។
ក្រុមអ្នកជំនាញ បានប៉ាន់ប្រមាណ ថា កូរ៉េខាងជើង និង រុស្ស៊ី ទំនងជាបានពិភាក្សាគ្នា អំពីកិច្ចព្រមព្រៀងផ្ទេរគ្រឿងសព្វាវុធ ដែលត្រូវបានហាមឃាត់ និង វិធានការសហប្រតិបត្តិការផ្សេងៗទៀត នៅក្នុងអំឡុងដំណើរទស្សនកិច្ច រយៈពេល៦ថ្ងៃរបស់លោក គីម កាលពីសប្តាហ៍មុន។ ប្រទេសទាំងពីរ បានយកចិត្តទុកដាក់យ៉ាងខ្លាំង ចំពោះការបង្កើនទំនាក់ទំនង រវាងរដ្ឋាភិបាលក្រុងមូស្គូ និង ក្រុងព្យុងយ៉ាង ខណៈប្រទេសទាំង២នេះ កំពុងតែរួមគ្នា ប្រឈមមុខរៀងៗខ្លួន ជាមួយលោកខាងលិច។
កូរ៉េខាងជើង នឹងស្វែងរកជំនួយពីរុស្ស៊ី ដើម្បីបញ្ចប់នូវការអភិវឌ្ឍប្រព័ន្ធអាវុធ ប្រកបដោយបច្ចេកវិទ្យាជាន់ខ្ពស់ ដូចជា ផ្កាយរណបចារកម្ម នាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរ និង មីស៊ីលរយៈចម្ងាយឆ្ងាយដ៏មានឥទ្ធិពល។ បញ្ហានេះ ក៏ដោយសារតែមេដឹកនាំកូរ៉េខាងជើង លោក គីម ចង់ធ្វើឲ្យឃ្លាំងអាវុធរបស់គាត់ កាន់តែទំនើប ដើម្បីទទួលបានសម្បទាន កាន់តែច្រើន ពីសហរដ្ឋអាមេរិក និង កូរ៉េខាងត្បូង នៅក្នុងការចរចាគ្នា៕










