ប្រទេសម៉ាឡេស៊ី ៖ លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលើកឡើងថា រដ្ឋាភិបាលនឹងចាប់ផ្តើមអនុវត្តគោលនយោបាយហាមឃាត់ការនាំចេញរ៉ែកម្រទៅក្រៅប្រទេស ដើម្បីចៀសវាងការស្វែងរកផលប្រយោជន៍ និងការពារការបាត់បង់ធនធានធម្មជាតិ ។ គោលនយោបាយនេះធ្វើឱ្យម៉ាឡេស៊ីក្លាយជាប្រទេសចុងក្រោយគេ ដែលហាមឃាត់ការនាំចេញរ៉ែសំខាន់ បើទោះជាប្រទេសនេះពុំបានបង្ហាញថា នឹងអនុវត្តនៅពេលណាក្តី ។
តាមទិន្នន័យរបស់ការិយាល័យស្ទង់មតិភូមិសាស្ត្រអាមេរិក កាលពីឆ្នាំ២០១៩ បង្ហាញថា ប្រទេសម៉ាឡេស៊ីមានបរិមាណរ៉ែកម្រក្នុងចំនួនតិចតួចត្រឹមតែ៣ម៉ឺន Metric Tons ប៉ុណ្ណោះ ខណៈប្រទេសចិនមានបរិមាណរ៉ែកម្ររហូតដល់៤៤លានតោន ។
ទោះយ៉ាងណា ការហាមឃាត់របស់ម៉ាឡេស៊ី ដោយសារទីផ្សារពិភពលោកកំពុងស្វែងរកប្រភពរ៉ែកម្រផ្សេងទៀតក្រៅពីប្រទេសចិន ដើម្បីកាត់បន្ថយការពឹងផ្អែកលើចិនខ្លាំងពេក ខណៈចិនបានផលិតរ៉ែកម្រផ្សេងៗដ៏ធំបំផុតនៅលើពិភពលោក ។ ហេតុនេះ គេបានប្រើប្រាស់វាយ៉ាងទូលំទូលាយនៅក្នុងបន្ទះឈីប Semiconductor, រថយន្តអគ្គិសនី និងសម្ភារៈយោធា ។
លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ីបញ្ជាក់ថា រដ្ឋាភិបាលនឹងគាំទ្រការអភិវឌ្ឍឧស្សាហកម្មរ៉ែពិបាករកនៅម៉ាឡេស៊ី ។ ដូច្នេះ វានឹងផ្តល់លទ្ធផលវិជ្ជមានដល់សេដ្ឋកិច្ចក្នុងប្រទេស ហើយការហាមឃាត់ការនាំចេញរ៉ែទាំងនេះ នឹងទាញយកផលប្រយោជន៍ជាតិខ្ពស់បំផុត ។ ម៉ាឡេស៊ីរំពឹងថា ឧស្សាហកម្មរ៉ែកម្រនឹងមានចំណែកគាំទ្រផលិតផលក្នុងស្រុកសរុប (GDP) រហូតដល់២ពាន់លានដុល្លារអាមេរិកនៅឆ្នាំ២០២៥ ព្រមទាំងផ្តល់ការងារធ្វើប្រមាណ៧.០០០តួនាទី ។
តាមទិន្នន័យរបស់ការិយាល័យគយប្រទេសចិនបង្ហាញថា ការហាមនាំចេញរ៉ែរបស់ម៉ាឡេស៊ីអាចធ្វើឱ្យប៉ះពាល់ដល់ចិន ដែលចិនបាននាំចូលរ៉ែកម្រពីម៉ាឡេស៊ីប្រមាណ៨% ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៣ ។ លើសពីនេះ វានឹងប៉ះពាល់ដល់បណ្តាក្រុមហ៊ុនចិននៅម៉ាឡេស៊ីទៀតផង ។
កាលពីដើមឆ្នាំ២០២៣ ប្រទេសចិនបានប្រកាសរឹតបន្តឹងការនាំចេញលោហៈមួយចំនួន ដែលបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងឧស្សាហកម្ម Semiconductor ហើយត្រូវបានភាគីផ្សេងៗមើលឃើញថា វាជាវិធានការសងសឹកសម្រាប់ការដាក់កម្រិតលក់បច្ចេកវិទ្យារបស់អាមេរិកទៅឱ្យចិន ។ គេបារម្ភថា ចិននឹងដាក់កម្រិតការនាំចេញរ៉ែសំខាន់ៗផ្សេងទៀត រួមទាំងរ៉ែកម្រផងដែរ ៕
ប្រភព ៖ AEC connect










