មិនជាមិនធម្មតានោះទេកុមារី ឡឺរេន អាយុទើបតែ៥ឆ្នាំកំពុងធ្វើឱ្យមហាជនជាពិសេសអ្នកស្នេហាវិស័យ Fashion ចាប់អារម្មណ៍យ៉ាងខ្លាំងព្រោះតែក្មេងស្រីរូបនេះជាក្មេងស្រីដំបូងរបស់ប្រទេសកម្ពុជាដែលមានឱកាសចូលរួមដើរម៉ូដលំដាប់ថ្នាក់អន្តរជាតិនៅក្នុងកម្មវិធី Milan Fashion នៅប្រទេសអ៊ីតាលី។

នៅពេលថ្មីៗនេះមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសមត្ថភាព ភាពក្លាហានរបស់កុមារី ឡឺរេន បន្ទាប់ពីលោក អូលីវ៉ា គង់ អ្នកជំនាញឌីហ្សាញម៉ូដ និងជាគ្រូបង្វឹកដើរម៉ូដ បានបង្ហើបឱ្យដឹងថាក្មេងស្រីច្រមក់រូបនេះក៏នឹងដើរម៉ូដនៅក្នុងកម្មវិធីដ៏ធំ Milan Fashion Week នៅប្រទេសអ៊ីតាលីផងដែរ។ នេះជាមោទនភាពមួយសម្រាប់ប្រទេសកម្ពុជាដែលមានធនធានដូចនេះទោះបី ឡឺរេន មានអាយុត្រឹមតែ៥ឆ្នាំតែកុមារីដ៏ក្លាហាននេះបានសាងភាពអស្ចារ្យមួយសម្រាប់ប្រទេសកម្ពុជា។

លើសពីនេះទៅទៀត នេះមិនមែនជាលើកទី១ទេ ដែលកុមារី ឡឺរេន មានឱកាសដើរម៉ូដលក្ខណៈអន្តរជាតិ ខណៈកន្លងទៅនេះក្មេងស្រីរូបនេះក៏បានដើរម៉ូដនៅប្រទេសវៀតណាមក្រោយការគ្រប់គ្រងរបស់លោក អូលីវ៉ា គង់ ដូចគ្នានៅក្នុងកម្មវិធី Vietnam International Junior Fashion Week។

បើតាមការឱ្យដឹងរបស់លោក អូលីវ៉ា គង់ នៅលើបណ្តាញសង្គមបានបង្ហើបថាការចូលរួមរបស់កម្ពុជាលើកនេះមិនមែនលំៗនោះទេព្រោះអ្នករៀបចំកម្មវិធីផ្ដល់កតិ្តយសដល់កម្ពុជា ជា Main designer ដើរបើកកម្មវិធីដែលមាន១៦ប្រទេសចូលរួមផងដែរ។ លោកបានបញ្ជាក់ថា Collection KALKIN របស់កម្ពុជានឹងដើរបង្ហាញនៅ Milan Fashion Week នៅប្រទេស Italy នាថ្ងៃទី២៤ កញ្ញា នេះ៕