ប្រទេសឡាវ ៖ សារព័ត៌មានប្រទេសចិន China Daily បានចុះផ្សាយថា ផ្លូវរថភ្លើងតភ្ជាប់ប្រទេសឡាវ និងចិន ដែលបានដំណើរការតាំងពីចុងឆ្នាំ២០២១ បានក្លាយជាគំរូដ៏ល្អមួយនៃភាពជោគជ័យផ្នែកសេដ្ឋកិច្ច និងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងតំបន់អាស៊ាន និងចិន ។![]()
ផ្លូវរថភ្លើងមានប្រវែង១.០៣៥គីឡូម៉ែត្រ ដែលតភ្ជាប់ពីទីក្រុងវៀងចន្ទន៍ រហូតដល់ទីក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន បានជំរុញការធ្វើពាណិជ្ជកម្មក្នុងតំបន់ និងផ្តល់ផលប្រយោជន៍ឱ្យពលរដ្ឋឡាវ និងចិនជាច្រើននាក់ ។ ក្រៅពីនេះ ប្រទេសឡាវអាចក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនទំនិញប្រចាំតំបន់អាងទន្លេមេគង្គ និងជាកំពង់ផែដីគោករបស់ប្រទេសចិន និងប្រទេសផ្សេងៗក្នុងតំបន់អាស៊ីអាគ្នេយ៍ ។
លើសពីនេះ ផ្លូវរថភ្លើងតភ្ជាប់ប្រទេសឡាវ និងចិន ក៏បានតភ្ជាប់មកដល់ប្រទេសថៃផងដែរ ហើយបានជួយកាត់បន្ថយពេលវេលាដឹកជញ្ជូនទំនិញទៀតផង ។ ប្រទេសថៃបានដឹកជញ្ជូនទំនិញទៅចិនតាមរយៈផ្លូវរថភ្លើងឡាវ-ចិន ដែលមានតម្លៃរាប់លានបាតក្នុងរយៈពេល៥ខែដំបូងនៃឆ្នាំ២០២៣ ។ ចំណែកការនាំចេញទុរេនស្រស់របស់ថៃទៅប្រទេសចិន ស្មើនឹង៧២% ។
ផ្លូវរថភ្លើងតភ្ជាប់ប្រទេសឡាវ និងចិន បានជួយពង្រឹងការធ្វើពាណិជ្ជកម្មក្នុងតំបន់ ហើយកិច្ចសហការផ្នែកសេដ្ឋកិច្ចរវាងតំបន់អាស៊ាន និងចិន នឹងជួយលើកកម្ពស់ការងើបឡើងវិញនៃសេដ្ឋកិច្ចក្នុងតំបន់ ។ កាលពីឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មរវាងតំបន់អាស៊ាន និងចិន បានកើនឡើង១១,២% បើធៀបពីមួយឆ្នាំទៅមួយឆ្នាំ ៕ ប្រភព ៖ AEC connect










