ប្រទេសថៃ ៖ កាលពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ លោកវេជ្ជបណ្ឌិត អាខុម ឆ័យវីរៈវឌ្ឍនៈ ប្រធានមន្ទីរពេទ្យមេត្តាប្រាឆារ៉ាក់ ប្រទេសថៃ លើកឡើងថា បច្ចុប្បន្ន ពលរដ្ឋមួយចំនួនចាប់អារម្មណ៍បរិភោគអាហារប្លែកៗនៅតាមបណ្តាញសង្គម ។ ការបរិភោគសត្វទឹកសាបឆៅៗ ដូចជា បង្គា, ខ្យង, ក្តាម និងត្រី ជាដើម គឺពួកគេប្រឈមនឹងការកើតមេរោគនៅពេលក្រោយ ជាពិសេស ដង្កូវក្នុងភ្នែក ហើយមានរោគសញ្ញាដូចជា ហើមត្របកភ្នែក, ហើមកែវភ្នែក, សម្ពាធភ្នែកខ្ពស់, ឈឺភ្នែក, ស្រវាំងភ្នែក រហូតដល់ខ្វាក់ភ្នែក ។
លោកវេជ្ជបណ្ឌិត អាខុម ឆ័យវីរៈវឌ្ឍនៈ បន្តថា វាអាស្រ័យលើដង្កូវទាំងនេះរស់នៅត្រង់ចំណុចណារបស់ភ្នែក ហើយការការពារជំងឺល្អបំផុត និងអាចការពារយ៉ាងងាយស្រួលផងដែរ គឺមិនត្រូវបរិភោគប្រភេទអាហារសាច់សត្វឆៅៗ ដូចជា ញំកំពឺស ញំបង្គា ឬបង្គាឆៅជាមួយទឹកត្រី ។
ចំណែកអ្នកនាង អូរ៉ាវីណាត់ នីមីតវង្សសាគុន ជាវេជ្ជបណ្ឌិតជំនាញប្រចាំមន្ទីរពេទ្យមេត្តាប្រាឆារ៉ាក់ លើកឡើងដែរថា ដង្កូវស៊ីភ្នែកធ្វើឱ្យអ្នកជំងឺកើតអាការៈស្រវាំងភ្នែក, មើលឃើញពុំច្បាស់ ហើយអាចរលាកនៅបរិវេណខាងមុខភ្នែក ។ វិធីព្យាបាល គឺត្រូវបាញ់ឡាស៊ែរទៅលើដង្កូវមិនឱ្យវាផ្លាស់ទីបាន មុននឹងវះកាត់យកដង្កូវចេញ ។ តាមធម្មតា ដង្កូវទាំងនេះបានរស់នៅក្នុងសរសៃឈាមសួតរបស់សត្វកណ្តុរ ហើយវាចេញមកជាមួយអាចម៍កណ្តុរ បន្ទាប់មក ក៏ជ្រៀតចូលទៅក្នុងសត្វខ្យងមួយចំនួន, បង្គា និងក្តាមទឹកសាប ។
ក្រៅពីនេះ វាអាចនៅលាយឡំគ្នាជាមួយទឹកផឹក ឬបន្លែ និងផ្លែឈើផងដែរ ។ ដង្កូវអាចចូលមកតាមរយៈសរសៃប្រសាទភ្នែក និងជ្រាបចូលក្នុងភ្នែក ហើយក៏ឡើងមកបរិវេណខាងមុខភ្នែក ។ អ្នកជំងឺអាចប្រឈមនឹងការសម្លឹងមើលពុំច្បាស់ ហើយវាអាស្រ័យលើផ្លូវដើររបស់ដង្កូវ ដែលបណ្តាលឱ្យមានគ្រោះថ្នាក់ត្រង់បរិវេណណាខ្លះរបស់ភ្នែក ។
វេជ្ជបណ្ឌិតថៃ អ្នកនាង អូរ៉ាវីណាត់ នីមីតវង្សសាគុន និយាយថា ៖ «អ្នកជំងឺគួរតែព្យាបាលជំងឺនេះជាបន្តបន្ទាប់ ដើម្បីត្រួតពិនិត្យរាងកាយឱ្យបានលម្អិតថា តើដង្កូវនឹងទៅ រស់នៅផ្នែកផ្សេងក្នុងរាងកាយដែរឬទេ ? ដូច្នេះ ខ្ញុំសូមដាស់តឿនពាក់ព័ន្ធនឹងការបរិភោគអាហារ គួរតែលាងសម្អាតដៃឱ្យស្អាត មុនពេលបរិភោគអាហារ» ។
អ្នកនាង អូរ៉ាវីណាត់ នីមីតវង្សសាគុន បន្តថា ៖ «ខ្ញុំមិនណែនាំឱ្យបរិភោគអាហារឆ្អិនផង ឆៅផង លាយឡំគ្នាទេ
គឺត្រូវតែបរិភោគអាហារឆ្អិន និងមានអនាម័យប៉ុណ្ណោះ ព្រោះដង្កូវដែលរស់នៅជាមួយសត្វទឹកសាប នៅពេលវាចូលក្នុងរាងកាយមនុស្ស វានឹងបង្កគ្រោះថ្នាក់ ។ លើសពីនេះ បើមេរោគចូលទៅរស់នៅតាមចំណុចសំខាន់ៗក្នុងរាងកាយ ដូចជា ប្រព័ន្ធប្រសាទ, ខួរក្បាល និងឆ្អឹងខ្នង វានឹងបណ្តាលឱ្យយើងស្លា.ប់បាន» ៕
ប្រភព ៖ khaosod










