នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ គឺថ្ងៃនៃព្រឹត្តិការណ៍សមរាត្រីនៅប្រាសាទអង្គរ-Equinox Angkor ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តដែលមានចន្លោះថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣ ចន្លោះម៉ោង០៥:០០នាទី ដល់ម៉ោង ០៧:០០នាទីព្រឹក។ នេះជាព្រឹត្តិការណ៍មួយដែលកើតឡើងពីរដងក្នុងមួយឆ្នាំដោយលើកទី១នៅក្នុងខែមីនា និងលើកទី២នៅខែកញ្ញា ឆ្លុះបញ្ចាំងស្ថាបត្យកម្មរបស់អង្គរវត្តដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រខ្មែរ។
ព្រឹត្តិការណ៍ដ៏អស្ចារ្យនេះបានជំរុញឱ្យទេសចរជាតិនិងអន្តរជាតិជាច្រើនរូបដែលបានទៅទស្សនាផ្ទាល់នៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ត្រៀមទូរសព្ទ កាមេរ៉ា ដើម្បីផ្តិតយករូបភាពដ៏ស្រស់ស្អាតគ្មានពីរនៅលើពិភពលោកនេះ។ ជាងនេះទៅទៀត តាមរយៈវីដេអូ និងរូបភាពដែលបានចែកចាយពេញបណ្តាញសង្គម គេសង្កេតឃើញមានភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនបានទៅចូលរួមទស្សនាព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តយ៉ាងកកកុញ។
មិនថាភ្ញៀវជាតិឬអន្តរជាតិទេ សុទ្ធតែបង្ហាញនូវអារម្មណ៍រំភើបចិត្តនឹងរីករាយយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍គួបផ្សំទិដ្ឋភាពដ៏ស្រស់ស្អាតនេះដែលកើតមាន២ដងប៉ុណ្ណោះក្នុងមួយឆ្នាំលើទឹកដីប្រទេសកម្ពុជា។
គួរបញ្ជាក់ផងដែរថា ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្តឬព្រឹត្តិការណ៍សមរាត្រីគឺជាពេលវេលារវាងពេលថ្ងៃនិងពេលយប់ឱ្យមានរយៈពេលស្មើគ្នាដោយខុសពីខែធម្មតាខ្លះ ជួនកាលរយៈពេលយប់វែងជាងពេលថ្ងៃឬក៏រយៈពេលថ្ងៃវែងជាងពេលយប់នោះគឺជាព្រឹត្តិការណ៍ទូទៅរបស់ភពផែនដីដែលតែងតែកើតមាននៅក្នុងពិភពលោក។ ប៉ុន្តែសម្រាប់ប្រាសាទអង្គវត្តដែលជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោកនេះព្រមទាំងមានព្រឹត្តិការណ៍សមរាត្រីកើតឡើងមិនមែនជារឿងចៃដន្យនោះទេ វាគឺជាលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរដែលរៀបចំស្ថាបត្យកម្ម ប្លង់របស់ប្រាសាទទុកមុនជាស្រេចដោយបំណងតម្រូវតាមបាតុភូតធម្មជាតិ៕










