ប្រទេសថៃ ៖ ក្រសួងទេសចរណ៍ និងកីឡាបានបង្ហាញពីស្ថានការណ៍វិស័យទេសចរណ៍រយៈពេលចុងក្រោយនេះថា ប្រទេសថៃបានសម្រេចគោលដៅទេសចរណ៍របស់ខ្លួន គឺចាប់តាំងពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ មានភ្ញៀវទេសចរបរទេសធ្វើដំណើរមកប្រទេសថៃ សរុបចំនួន១៩.០០០.៩៨៨នាក់ (ជាង១៩លាននាក់) ហើយថៃទទួលបានប្រាក់ចំណូលចំនួន៧៩៥.១១៤លានបាត (ជាង៧៩ម៉ឺនលានបាត) ។
ភ្ញៀវទេសចរអន្តរជាតិមកកម្សាន្តនៅប្រទេសថៃច្រើនជាងគេ រួមមាន ៖
១-ម៉ាឡេស៊ី ៣.០៧៦.២៧៤នាក់
២-ចិន ២.៣៤១.០៨០នាក់
៣-កូរ៉េខាងត្បូង ១.១២៥.៦៣៩នាក់
៤-ឥណ្ឌា ១.០៩៧.៣៩៥នាក់
៥-រុស្ស៊ី ៩៦១.៣៤៨នាក់
ចំណែកចំនួនភ្ញៀវទេសចរដែលបានធ្វើដំណើរមកប្រទេសថៃ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ គឺស្មើចំនួន៤៧០.៧០៨នាក់ ។ បើគិតជាចំនួនភ្ញៀវទេសចរធ្វើដំណើរមកប្រទេសថៃ គឺជាមធ្យមស្មើនឹង៦៧.២៤៤នាក់ក្នុង១ថ្ងៃ ។
ភ្ញៀវទេសចរម៉ាឡេស៊ីបានកើនឡើងជាបន្តបន្ទាប់ គឺកើនក្នុងអត្រា២០,៥៦% ខណៈភ្ញៀវទេសចរចិនកើនឡើង៦,០២% ។ ចំណែកភ្ញៀវទេសចរជប៉ុនបានកើនឡើង២៧,៩៧% ដោយសារប្រទេសជប៉ុនមានថ្ងៃឈប់សម្រាក Silver week ។ រីឯភ្ញៀវទេសចរឥណ្ឌាបានធ្លាក់ចុះ៦,៣៩% ហើយភ្ញៀវទេសចរកូរ៉េខាងត្បូងធ្លាក់ចុះ៣% ។
អង្គភាពសេដ្ឋកិច្ច ទេសចរណ៍ និងកីឡាប្រទេសថៃព្យាករណ៍ថា ចំនួនភ្ញៀវទេសចរអន្តរជាតិនៅសប្តាហ៍ខាងមុខនឹងកើនឡើងជាបន្តបន្ទាប់ ដោយសារមានថ្ងៃឈប់សម្រាកជាប់ៗគ្នានៅតាមបណ្តាប្រទេសមួយចំនួនដូចជា ម៉ាឡេស៊ី និងជប៉ុន ។ ប្រទេសថៃរំពឹងថា នឹងទទួលបានភ្ញៀវទេសចរបរទេសប្រមាណ៤៩ម៉ឺននាក់មកពីប្រទេសក្នុងតំបន់អាស៊ីបូព៌ា, អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ ។
លោក Settha Thaweesin នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុបានលើកឡើងថា គណៈរដ្ឋមន្ត្រីថៃបានអនុម័តវិធានការជំរុញកំណើនភ្ញៀវទេសចរបន្ទាន់ គឺការលើកលែងទិដ្ឋាការ (Free Visa) សម្រាប់ភ្ញៀវទេសចរចំនួន២ប្រទេស គឺចិន និងកាហ្សាក់ស្ថាន ។ ដូច្នេះ ការលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិន និងកាហ្សាក់ស្ថាន គឺនឹងអនុវត្តចាប់ពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ រហូតដល់ខែកុម្ភៈ ឆ្នាំ២០២៤ ។ វិធានការលើកលែងទិដ្ឋាការនេះ ដើម្បីជំរុញឱ្យភ្ញៀវទេសចរមកពីប្រទេសទាំងពីរធ្វើដំណើរមកប្រទេសថៃកាន់តែច្រើន ។
ទោះយ៉ាងណា ក៏មានបញ្ហាមួយចំនួនសម្រាប់ការធ្វើដំណើររបស់ភ្ញៀវទេសចរមកពីប្រទេសជាច្រើន ដូចជា ចំនួនជើងហោះហើរមិនគ្រប់គ្រាន់ និងការងើបឡើងវិញនៃឧស្សាហកម្មអាកាសចរណ៍មិនដូចការរំពឹងទុក បានធ្វើឱ្យសំបុត្រយន្តហោះមកកាន់ប្រទេសថៃមានតម្លៃខ្ពស់ បើធៀបជាមួយប្រទេសគូប្រជែង ៕ ប្រភព ៖ Thansettakij










