រាជធានីបាងកក៖ ព្រះរាជបុត្ររបស់ព្រះមហាក្សត្រថៃ កំពុងតែជំរុញឲ្យមានការពិភាក្សាគ្នាជាចំហ ពាក់ព័ន្ធនឹងច្បាប់ប្រមាថព្រះមហាក្សត្រ ខណៈ ប្រជាពលរដ្ឋថៃ រាប់រយនាក់ បានជាប់ពន្ធនាគារ កាលពីប៉ុន្មានឆ្នាំកន្លងទៅថ្មីៗនេះ ដោយសារតែច្បាប់នេះ
បណ្ដាញទូរទស្សន៍ Channel News Asia បានចេញផ្សាយ កាលពីព្រឹក ថ្ងៃពុធ ទី២០ ខែកញ្ញា ថា ព្រះអង្គម្ចាស់ វ៉ាឆារ៉េសន វីវ៉ាឆារ៉ាវង់សេ (Vacharaesorn Vivacharawongse) ជា ព្រះរាជបុត្រទី២របស់ព្រះមហាក្សត្រថៃ មហាវ៉ាជីរ៉ាឡុងខន (Maha Vajiralongkorn) បានជំរុញឱ្យពិភាក្សាជាចំហ លើច្បាប់ ពាក់ព័ន្ធនឹងការប្រមាថគ្រួសាររាជវង្ស។ ការលើកឡើង អំពីច្បាប់ដ៏តឹងរឹងនេះ កំពុងតែក្លាយជាប្រធានបទដ៏រសើបបំផុតមួយនៅក្នុងប្រទេសថៃ។ រីឯការអនុវត្ដមាត្រា ១១២នេះ បាននាំឲ្យមានការកាត់ទោសដល់មនុស្ស រាប់រយនាក់ កាត់ទោសដាក់ពន្ធនាគារ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំ កន្លងទៅថ្មីៗនេះ។
ការធ្វើអត្ថាធិប្បាយរបស់ព្រះអង្គម្ចាស់ បានកើតឡើង ក្រោយពេលព្រះអង្គបានយាងទតមើលការតាំងពិព័រណ៍មួយ នៅក្នុងទីក្រុងញូវយ៉ក។ មាត្រា១១២ នៃច្បាប់ដ៏តឹងតែងនេះ ក្លាយជាផ្នែកមួយ នៃក្រមព្រហ្មទណ្ឌ ការពារព្រះមហាក្សត្រ និងក្រុមគ្រួសារជិតស្និទ្ធរបស់រាជវង្ស បានរងនូវការរិះគន់យ៉ាងខ្លាំងក្លា ហើយវាជាបញ្ហាដ៏រសើប នៅក្នុងប្រទេសថៃ ។
ការតវ៉ាទ្រង់ទ្រាយធំ នៅក្នុងអំឡុង ឆ្នាំ២០២០ បានមើលឃើញ ពីមនុស្ស រាប់ម៉ឹននាក់ ជំរុញឱ្យមានការធ្វើវិសោធនកម្មមាត្រា១១២ ពាក់ព័ន្ធនឹងការប្រមាថដល់ព្រះមហាក្សត្រ។ ស្របគ្នានេះដែរ គណបក្សឆ្ពោះទៅមុខ (MFP) ដែលបានឈ្នះអាសនៈច្រើនជាងគេ នៅក្នុងការបោះឆ្នោតជាតិ កាលពីខែឧសភា បានដាក់ចេញនូវគោលនយោបាយរបស់ខ្លួនយ៉ាងច្បាស់លាស់ ជំរុញឲ្យរធ្វើវិសោធនកម្មច្បាប់នេះ ដើម្បីដោះលែងអ្នកជាប់ពន្ធនាគារ ដោយសារតែការពាក់ព័ន្ធនឹងការបញ្ចេញមតិរបស់ពួកគេ។ ប៉ុន្ដែ នៅទីបំផុត ការប្ដេជ្ញាចិត្តរបស់គណបក្ស MFP នៅក្នុងការកែប្រែច្បាប់នេះ ត្រូវបានរារាំង ពីសមាជិកសភា និង ព្រឹទ្ធសភា មិនអនុញ្ញាឱ្យលោក ភិថា លីមចារឿនរ៉ាត់ មេដឹកនាំបក្សនេះ ឡើងកាន់អំណាច នៅក្នុងប្រទេសថៃ។
ព្រះរាជបុត្ររបស់ព្រះមហាក្សត្រថៃ អង្គនេះ បានបង្ហោះជាភាសាថៃ នៅលើបណ្ដាញសង្គមហ្វេសប៊ុក ថា «ខ្ញុំបានចូលរួមជាមួយនឹងប្រជាជាតិថៃ ដែលស្រលាញ់ និង គោរពព្រះមហាក្សត្រ ប៉ុន្តែខ្ញុំជឿ ថា «ការដឹង« ប្រសើរជាង «ការមិនស្គាល់»។ អ្នករាល់គ្នា គួរតែចែករំលែកយោបល់របស់ពួកគេ ដោយផ្អែកលើបទពិសោធផ្សេងៗគ្នា។ ការមិនអើពើនឹងមតិ មិនធ្វើឲ្យបាត់បង់ទេ។
ព្រះអង្គម្ចាស់ ជាព្រះរាជបុត្រទី២ ព្រះជន្ម៤២ព្រះវស្សា អង្គនេះ បានសរសេរបន្ដ ថា «ដោយសារតែរឿងនេះ ខ្ញុំជឿ ថា ការស្តាប់ពួកគេ វាជារឿងល្អ។ អ្នករិះគន់បានរក្សាច្បាប់ជាយូរមកហើយត្រូវបានប្រើប្រាស់ជាអាវុធ ដើម្បីបំបិទមាត់របស់អ្នកប្រឆាំង»៕