ប្រទេសលីប៊ី៖ មនុស្សរាប់រយនាក់បានតវ៉ានៅទីក្រុង Derna កាលពីថ្ងៃទី ១៨ ខែកញ្ញា មួយសប្តាហ៍បន្ទាប់ពីគ្រោះមហន្តរាយទឹកជំនន់ភ្លាមៗដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ដោយទាមទារឱ្យមន្ត្រីពាក់ព័ន្ធទទួលខុសត្រូវ។ នៅល្ងាចថ្ងៃដដែលនោះ ក្រុមបាតុករដែលមានកំហឹងបាននាំគ្នាដុតផ្ទះរបស់លោក Abdulmenam al-Ghaithi អភិបាលក្រុង Derna។
នេះជាការតវ៉ាដ៏ធំលើកទីមួយ ចាប់តាំងពីមានភ្លៀងធ្លាក់ខ្លាំង ដោយសារឥទ្ធិពលនៃខ្យល់ព្យុះ បណ្តាលឱ្យទំនប់ទឹកចំនួនពីរនៅផ្នែកខាងលើនៃទន្លេបានបាក់ និងជន់លិចចូលទីក្រុងកាលពីថ្ងៃទី១១ ខែកញ្ញា ដែលបំផ្លាញអ្វីៗគ្រប់យ៉ាងនៅក្នុងប្រទេស។ ក្រុមអ្នកតវ៉ាក៏បានកំណត់គោលដៅទៅលើមន្ត្រីជាន់ខ្ពស់ រួមទាំងប្រធានសភាជាតិរបស់រដ្ឋាភិបាលភាគខាងកើត Aguila Saleh នៅខាងក្រៅវិហារ Sahaba ផងដែរ។
មូលហេតុដែលប្រជាជនលីប៊ីជាច្រើនបាននាំគ្នាតវ៉ា និងមានការខឹងសម្បើមបែបនេះគឺដោយសារមន្ត្រីជាន់ខ្ពស់របស់ពួកគេមិនបានទទួលខុសត្រូវ ឬធ្វើការស្វែងរក ប្រជាជនដែលបានបាត់ខ្លួន និងសាកសពដែលបានស្លាប់ក្នុងអំឡុងគ្រោះទឹកជំនន់ឡើយ។ ចំនួនអ្នកស្លាប់ទាំងស្រុងនៅមិនទាន់ត្រូវបានគេបញ្ចេញនៅឡើយទេ ហើយក្រុមមន្ត្រីបានផ្តល់តួលេខខុសគ្នាទាំងអស់។
យោងតាមអឌ្ឍចន្ទក្រហមលីប៊ី បាននិយាយថា មនុស្សយ៉ាងតិច ១១.៣០០ នាក់បានស្លាប់ និងជាង ១០.០០០ នាក់កំពុងបាត់ខ្លួន ខណៈអង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ពីការស្លាប់ចំនួន ៣.៩២២ នាក់។
លោក Hichem Abu Chkiouat រដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលភាគខាងកើតប្រទេសលីប៊ី បាននិយាយថា អភិបាលក្រុង Derna លោក Ghaithi បច្ចុប្បន្នត្រូវបានព្យួរពីតំណែង ហើយនាយករដ្ឋមន្ត្រី Usama Hamad ក៏បានបណ្តេញសមាជិកក្រុមប្រឹក្សាក្រុង Derna ទាំងអស់ផងដែរ ដោយធ្វើការស៊ើបអង្កេតឡើងវិញ និងកំពុងដោះស្រាយការតវ៉ារបស់ប្រជាជន៕
ប្រភព៖vnexpress










