ប្រទេសចិន ៖ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ តំបន់ Yizhuang ស្ថិតនៅជាយក្រុងនៃទីក្រុងប៉េកាំង ប្រទេសចិន បានអនុញ្ញាតឱ្យផ្តល់សេវាកម្មរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនៅតាមផ្លូវនានាជាផ្លូវការ ។ រថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនេះ នឹងគ្មានអ្នកបើកបរនៅក្នុងរថយន្តទេ ដើម្បីកាត់បន្ថយការចំណាយប្រាក់ជួលអ្នកបើកបរ ។ មុននេះ រថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ ត្រូវមានបុគ្គលិកអង្គុយក្នុងរថយន្តជាមួយអ្នកដំណើរផងដែរ ។
សារព័ត៌មាន CNBC ចុះផ្សាយថា ក្រុមហ៊ុនធំៗមានទីតាំងនៅក្នុងតំបន់ Yizhuang ដូចជា ក្រុមហ៊ុន JD.com ជាដើម ។ បើគេធ្វើដំណើរតាមរថយន្តចេញពីក្រុងប៉េកាំងទៅកាន់តំបន់ Yizhuang គឺចំណាយពេលប្រមាណ៣០នាទីប៉ុណ្ណោះ ។ ចំណែកអ្នកផ្តល់សេវាកម្មរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ គឺក្រុមហ៊ុន Pony.ai និង Baidu ។
លោក Ning Zhang នាយករងក្រុមហ៊ុន Pony.ai និងជាប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ទីក្រុងប៉េកាំង លើកឡើងថា ការដាក់ឱ្យដំណើរការរថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិនៅក្រុងប៉េកាំង គឺត្រូវបង្កើនចំនួនរថយន្តថែមទៀត ។ លោកបាននិយាយទៅកាន់សារព័ត៌មាន CNBC កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ ថា ៖ «យើងមានទំនុកចិត្តជាខ្លាំង ដោយសាររថយន្តតាក់ស៊ីគ្មានមនុស្សបើករបស់យើង នឹងផ្តល់សេវាកម្មដឹកអ្នកដំណើរនៅគ្រប់ទីកន្លែងក្នុងក្រុងប៉េកាំង» ។
តាមរយៈការពិភាក្សាជាមួយលោក Yin Yong អភិបាលក្រុងប៉េកាំង លោក Ning Zhang និយាយថា ក្រុងប៉េកាំងមានគម្រោងពង្រីកតំបន់សាកល្បងសម្រាប់រថយន្តតាក់ស៊ីបើកបរដោយស្វ័យប្រវត្តិ រហូតដល់ចុងឆ្នាំ២០២៣ ។ តំបន់សាកល្បងទាំងនេះរួមមាន អាកាសយានដ្ឋានអន្តរជាតិ Daxing និងបរិវេណក្បែរស្ថានីយរថភ្លើង ។
កាលពីខែកក្កដា ឆ្នាំ២០២៣ លោក Yin Yong អភិបាលក្រុងប៉េកាំងបានជួបជាមួយក្រុមហ៊ុនផ្សេងៗដូចជា ក្រុមហ៊ុន Pony.ai, Alibaba និង Xiaomi ហើយលោក Yin Yong បានគាំទ្រការព្យាយាមរបស់ក្រុមហ៊ុនទាំងនេះសម្រាប់រថយន្តឆ្លាតវៃ, បញ្ញាសិប្បនិម្មិត AI និងបច្ចេកវិទ្យាទំនើបផ្សេងទៀត ៕ ប្រភព ៖ Bangkok biznews










