ប្រទេសថៃ ៖ កាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ ស្ថានីយប្រេងឥន្ធនៈ PTT នៅប្រទេសថៃ បានប្រកាសកែសម្រួលតម្លៃប្រេងឥន្ធនៈលក់រាយ ក្នុងនោះតម្លៃប្រេងម៉ាស៊ូតគ្រប់ប្រភេទនឹងធ្លាក់ចុះចំនួន២បាតក្នុង១លីត្រ ។ ហេតុនេះ ធ្វើឱ្យប្រេងម៉ាស៊ូត B7, ប្រេងម៉ាស៊ូត B10 និងប្រេងម៉ាស៊ូត B20 មានតម្លៃត្រឹមតែ២៩.៩៤បាតក្នុង១លីត្រ ចំណែកប្រេងម៉ាស៊ូត Premium B7 មានតម្លៃ៤០.២៤បាតក្នុង១លីត្រ ។ ការបញ្ចុះតម្លៃប្រេងនេះ នឹងអនុវត្តចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ តទៅ ហើយប្រេងម៉ាស៊ូតភាគច្រើនមានតម្លៃមិនលើសពី៣០បាតក្នុង១លីត្រ ។
យោងតាមសេចក្តីសម្រេចរបស់គណៈរដ្ឋមន្ត្រីថៃ ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣ បង្ហាញថា ដើម្បីសម្រាលបន្ទុកការចាយវាយក្នុងជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋថៃ និងផ្អែកតាមក្រសួងថាមពលស្នើឱ្យប្រើប្រាស់យន្តការពន្ធអាករ និងគ្រប់គ្រងតម្លៃប្រេងឥន្ធនៈ ក្នុងគោលបំណងរក្សាតម្លៃប្រេងម៉ាស៊ូតមិនឱ្យលើសពី៣០បាតក្នុង១លីត្រ ។ ដូច្នេះ តម្លៃលក់រាយប្រេងម៉ាស៊ូតនៅតាមស្ថានីយប្រេងឥន្ធនៈនីមួយៗ គឺស្មើនឹង២៩.៩៤បាតក្នុង១លីត្រ គិតចាប់ពីថ្ងៃទី២០ ខែកញ្ញា រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ។
ការបញ្ចុះតម្លៃប្រេងម៉ាស៊ូតនេះ គឺលើកលែងប្រេងសាំង និងហ្គាសគ្រប់ប្រភេទ ព្រមទាំងប្រេងឥន្ធនៈ Premium ប្រភេទ GSH95 នៅរក្សាតម្លៃដើម រួមមាន ៖
-ប្រេងសាំងធម្មតា ស្មើនឹង ៤៨.២៤បាតក្នុង១លីត្រ
-Gasohol 95 ស្មើនឹង ៤០.៤៥បាតក្នុង១លីត្រ
-Gasohol 91 ស្មើនឹង ៤០.១៨បាតក្នុង១លីត្រ
-E20 ស្មើនឹង ៣៨.១៤បាតក្នុង១លីត្រ
-Premium Gasohol 95 ស្មើនឹង ៤៥.៤៤បាតក្នុង១លីត្រ
-E85 ស្មើនឹង ៣៧.៧៩បាតក្នុង១លីត្រ ៕

ប្រភព ៖ khaosod










