ប្រទេសប៉ូឡូញ ៖ ក្រុមហ៊ុនផលិតភេសជ្ជៈនៅប្រទេសប៉ូឡូញបានប្រើប្រាស់មនុស្សយន្ត ដែលដំណើរការដោយបញ្ញាសិប្បនិម្មិត និងគំរូភាសាស្រដៀងគ្នានឹងកម្មវិធី ChatGPT មកបំពេញតួនាទីជានាយកប្រតិបត្តិសាកល្បង ។ មនុស្សយន្តនេះនឹងជួយគ្រប់គ្រងការងារដូចនាយកគ្រប់គ្រងជាមនុស្សដែរ រួមទាំងជួយកំណត់ទិសដៅការងារដល់បុគ្គលិកជាមនុស្សទៀតផង ។
ក្រុមហ៊ុនរបស់ហុងកុងបានផលិតមនុស្សយន្តនេះជាប្រភេទ Humanoid និងបានដាក់ឈ្មោះថា នាង Mika ។ ពួកគេបានបំពាក់នូវគំរូភាសាដ៏ធំមួយឈ្មោះថា Large Language Model (LLM) ដោយនាង Mika អាចសន្ទនាគ្នាស្រដៀងនឹងភាសារបស់មនុស្សដែរ ។ ប៉ុន្តែនាង Mika គ្រាន់តែជាអ្នកកាន់តំណែងជាន់ខ្ពស់ម្នាក់ ដែលបំពេញតួនាទីមួយចំនួនរបស់ CEO ពិតប្រាកដប៉ុណ្ណោះ ។ នាងបានបំពេញតួនាទីដូចជា ការវិភាគទិន្នន័យទីផ្សារ, ជ្រើសរើសអ្នកតំណាងជួយរចនាផលិតផល និងដាក់ផែនការយុទ្ធសាស្ត្រផ្នែកលក់ ។
ទោះយ៉ាងណា នាង Mika គ្មានតួនាទី ឬអំណាចទទួលយកបុគ្គលិកមកធ្វើការ ឬបណ្តេញបុគ្គលិកចេញពីក្រុមហ៊ុនទេ ព្រោះក្នុងផ្នែកនេះ វាជាអំណាចនៃការសម្រេចចិត្តរបស់មនុស្ស ។ ក្នុងឋានៈនាងជាមនុស្សយន្តឆ្លាតវៃ នាងនិយាយថា នាងមានគុណសម្បត្តិច្រើនជាងមនុស្ស ដូចជា នាងអាចសម្រេចចិត្តដោយមិនលម្អៀងលើការវិភាគទិន្នន័យ ហើយនាងអាចធ្វើការបាន២៤ម៉ោងទៀតផង ។
ចំណែកលោក Marek Szoldrowski ជានាយកប្រតិបត្តិពិតប្រាកដរបស់ក្រុមហ៊ុនលើកឡើងថា លោកចង់បង្ហាញថា នៅថ្ងៃអនាគត AI នឹងមានតួនាទីក្នុងក្រុមហ៊ុនអាជីវកម្មបែបណាខ្លះ ។ នៅពេលគេបានឃើញមនុស្សយន្តនាង Mika អាចធ្វើការជានាយកប្រតិបត្តិក្រុមហ៊ុន គឺគេមិនអាចបដិសេធអំពីបច្ចេកវិទ្យារីកចម្រើនបានទេ ។ ប៉ុន្តែយើងអាចសម្របខ្លួន និងរស់នៅជាមួយវាឱ្យបាន ព្រមទាំងប្រើប្រាស់វាឱ្យមានតម្លៃបំផុត ។ ដូច្នេះ វានឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់គ្រប់វិស័យទាំងអស់ ៕ ប្រភព ៖ chiangmai news










