លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបញ្ជាក់ហេតុផលក្រោយនាំចេញបង្កងកណ្ដូបឬបង្កងប៉ាករស់ជើងទី១ទៅទីផ្សារចិនបានចំនួន៤៥គីឡូក្រាមបន្ទាប់ពីសាធារណជនបង្ហាញភាពងឿងឆ្ងល់របស់ខ្លួនដោយសារតែមានចំនួនតិចពេក។
នៅលើគណនីបណ្តាញសង្គមរបស់អ្នកនាំពាក្យខាងលើនាថ្ងៃទី១៨ ខែកញ្ញា បានឱ្យដឹងថាការនាំចេញបង្កងកណ្ដូប ឬបង្កងប៉ាក ក្នុងទម្រង់ជាសត្វរស់ ទៅលក់នៅលើទីផ្សារបរទេស គឺជារឿងពិបាក និងស្មុគស្មាញ ដែលកម្ពុជាពុំធ្លាប់ធ្វើទេនាពេលកន្លងមក។ ម្ល៉ោះហើយ នៅក្នុងជើងដំបូង ដែលជាជំហានសាកល្បង ក្រុមហ៊ុនបានសម្រេចនាំចេញ «វារីសត្វរស់»(បង្កងប៉ាករស់) នេះក្នុងបរិមាណតិចតួច ដើម្បីធានាថា របៀបវេចខ្ចប់ និងការដឹកជញ្ជូនតាមយន្តហោះ ដោយមានការបញ្ចូលអុកស៊ីហ្សែនឱ្យបង្កងផងនោះ ធ្វើឡើងតាមបច្ចេកទេសត្រឹមត្រូវ ហើយនៅពេលទៅដល់គោលដៅ បង្កងទាំងនោះនៅរស់តាមការបញ្ជាទិញរបស់អតិថិជន
លោកជំទាវបានបញ្ជាក់ទៀតថា បន្ទាប់ពីទទួលបានជោគជ័យលើការនាំចេញសាកល្បងនេះ ក្រុមហ៊ុននឹងបង្កើនបរិមាណនាំចេញបន្ថែមនាពេលខាងមុខ។ នេះគឺជាការបើកទីផ្សារថ្មីមួយទៀត សម្រាប់បង្កងកណ្ដូប ឬបង្កងប៉ាកខ្មែរ និងសង្ឃឹមទៀតថាវារីសត្វរស់សញ្ជាតិខ្មែរផ្សេងទៀត នឹងមានវាសនាជិះយន្តហោះទៅស្រុកគេកាន់តែច្រើន។
គួរបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៤ ខែកញ្ញា កម្ពុជាបាននាំចេញផលិតផលជលផល មានអន្ទង់និងកំពឹសទឹកសាបបង្កកទៅចិនជាលើកដំបូងក្នុងបរិមាណ១០តោន៕











